ខេត្តតាកែវ៖ ករណីដុតសំរាមខុសច្បាប់មួយ ត្រូវបានមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តតាកែវ ចុះពិនិត្យ និងរកឃើញពិតប្រាកដ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋអំពីសកម្មភាពបង្កផលប៉ះពាល់បរិស្ថានក្នុងតំបន់។
ការចុះអនុវត្តនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ សហការជាមួយអាជ្ញាធរសង្កាត់រកាក្នុង និងប្រជាពលរដ្ឋភូមិច្រេស ដើម្បីត្រួតពិនិត្យទីតាំងសិប្បកម្ម ហ័រ ជិន រុន តុង អុិនវ៉ាយរុិនមុិនថល ថេកណឡជី ខេមបូឌា អុិនធើណេសិនណល ឯ.ក ដែលមានប្រភេទអាជីវកម្មលាយថ្នាំព័ណ៌។
លទ្ធផលត្រួតពិនិត្យបង្ហាញថា សិប្បកម្មនេះបានដំណើរការចាប់តាំងពីខែសីហា ឆ្នាំ២០២៥ មានកម្មករសរុប១០នាក់ ក្នុងនោះមានជនជាតិចិន៣នាក់។ ទោះជាយ៉ាងណា សិប្បកម្មមួយនេះមិនទាន់អនុវត្តតាមនីតិវិធីគ្រប់គ្រងសំណល់ត្រឹមត្រូវ ដោយមិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលដឹកសំរាមនៅឡើយ។
អ្វីដែលគួរឲ្យព្រួយបារម្ភ គឺមន្ត្រីជំនាញបានរកឃើញថា មានការដុតសំរាមសំណល់ផ្ទះបាយនៅជាប់របងសិប្បកម្មពិតប្រាកដ ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសហគមន៍ជុំវិញ។
ជាការឆ្លើយតបភ្លាមៗ មន្ទីរបរិស្ថានខេត្តតាកែវ បានណែនាំឲ្យម្ចាស់សិប្បកម្មបញ្ឈប់សកម្មភាពដុតសំរាមគ្រប់ប្រភេទជាបន្ទាន់ និងត្រូវភ្ជាប់សេវាប្រមូលដឹកសំរាមឲ្យបានត្រឹមត្រូវតាមច្បាប់។ ព្រមទាំងព្រមានថា នឹងអនុវត្តវិធានការផាកពិន័យអន្តរកាល ប្រសិនបើនៅតែបន្តល្មើស។
ករណីនេះ ជាសញ្ញាបង្ហាញថា ការអនុវត្តច្បាប់បរិស្ថាននៅមូលដ្ឋាន មិនអាចធ្វេសប្រហែសបានឡើយ ខណៈអាជ្ញាធរជំនាញកំពុងបន្តរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីធានាបរិស្ថានស្អាត និងការរស់នៅមានសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕


