ឯកឧត្តម អ៊ុន ចាន់៖ សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ គឺថែរក្សាទំនៀមទម្លាប់ និងដើម្បីបង្ហាញការដឹងគុណចំពោះវីរកងទ័ព

ឯកឧត្តម អ៊ុន ចាន់៖ សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ គឺថែរក្សាទំនៀមទម្លាប់ និងដើម្បីបង្ហាញការដឹងគុណចំពោះវីរកងទ័ព

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែក ដែលបានរៀបចំតុបតែងលម្អទីក្រុង និងទីតាំងកម្សាន្តនានា ឲ្យមានសោភ័ណភាព។ ឯកឧត្តម បានបញ្ជាក់ថា សង្ក្រាន្តឆ្នាំនេះមិនត្រឹមតែជាការផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតក្នុង ការសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព។

ឯកឧត្តម អ៊ុន ចាន់ដា បន្តទៀតថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ ត្រូវបានរចនាឡើងក្នុងគោលបំណង ថែរក្សាទំនៀមទម្លាប់ និងផ្ដល់ភាពសប្បាយរីករាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនាការសម្ដែងសិល្បៈ និងបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ។ លើសពីនេះគឺជាការបង្ហាញនូវការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពរបស់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា។ ដូចច្នេះគ្រប់ទីតាំងសង្ក្រាន្ត នឹងមានការរៀបចំផ្ទាំងទស្សនីយភាព ឬការរំលឹកឡើងវិញនូវគុណូបការៈរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានឈរជើងការពារទឹកដីនៅ និងរក្សាសេចក្ដីសុខជូនប្រជាជន៕

img 20260327 190438 575 img 20260327 190438 805 img 20260327 190438 861 img 20260327 190438 317 img 20260327 190438 488 img 20260327 190438 553 img 20260327 190455 994 img 20260327 190452 400 img 20260327 190438 792 img 20260327 190439 004 img 20260327 190438 591

Scroll to Top