ខេត្តកណ្ដាល៖ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តច្បាប់ស្ដីពីសំណង់ ដើម្បីធានាគុណភាព សុវត្ថិភាព និងរបៀបរៀបរយនៃការអភិវឌ្ឍទីក្រុងនៅទូទាំងប្រទេស ក៏នៅតែមានការព្រួយបារម្ភថា ការអនុវត្តនៅកម្រិតមូលដ្ឋានមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ។
ជាក់ស្តែង ករណីមួយនៅក្រុងតាខ្មៅ ខេត្តកណ្ដាលបានបង្ហាញពីចន្លោះប្រហោងក្នុងការគ្រប់គ្រង និងការគោរពច្បាប់ពីសំណាក់ម្ចាស់សំណង់ខ្លះៗ។ តាមប្រភពព័ត៌មាន ម្ចាស់សំណង់ឈ្មោះ ទារ ប៉េងហេង និងឈ្មោះ សាយ គុយឡេង បានចាប់ផ្តើមសាងសង់អគារផ្ទះល្វែងមួយ លើក្បាលដីលេខ 08110403-0376 ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ដោយមិនបានដាក់ពាក្យស្នើសុំ “លិខិតអនុញ្ញាតបើកការដ្ឋាន” ជាមុន តាមបទប្បញ្ញត្តិច្បាប់។
ទោះបីមានលិខិតអនុញ្ញាតសាងសង់ចេញដោយអាជ្ញាធរមូលដ្ឋាន ពិសេសពីលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅក៏ដោយ ប៉ុន្តែខ្លឹមសារនៅក្នុងលិខិតនោះបានបញ្ជាក់យ៉ាងច្បាស់ថា មុនពេលចាប់ផ្តើមសាងសង់ ត្រូវតែស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានជាមុនសិន។ ការមិនគោរពនីតិវិធីនេះ មិនត្រឹមតែជាការបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យដល់សុវត្ថិភាពសំណង់ និងប៉ះពាល់ដល់ការរៀបចំទីក្រុងផងដែរ។
ករណីនេះ ម្ចាស់សំណង់មួយចំនួននៅតែមានទស្សនៈថា ច្បាប់គ្រាន់តែជាលក្ខណៈឯកសារ មិនមែនជាបទបញ្ជាដែលត្រូវអនុវត្តយ៉ាងតឹងរឹងនោះទេ។ ទស្សនៈបែបនេះ ប្រសិនបើបន្តមាន នឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងសំណង់បាត់បង់ប្រសិទ្ធភាព និងបង្កបញ្ហារយៈពេលវែងដល់ការអភិវឌ្ឍន៍ទីក្រុង។
ជាការពិត ច្បាប់សំណង់ក្រោមការគ្រប់គ្រងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគោលបំណងច្បាស់លាស់ក្នុងការរៀបចំកំណើនទីក្រុងឲ្យមានរបៀបរៀបរយ និងធានាសុវត្ថិភាពសាធារណៈ។ ទោះជាយ៉ាងណា ប្រសិនបើការអនុវត្តនៅតែមានភាពធូរលុង ឬអនុវត្តមិនស្មើភាពគ្នា នោះច្បាប់ល្អប៉ុនណាក៏អាចក្លាយជាអក្សរលើក្រដាសប៉ុណ្ណោះ។
បញ្ហានេះមិនអាចដាក់បន្ទុកលើម្ចាស់សំណង់តែម្ដងបានទេ ព្រោះវាក៏ពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។ ការត្រួតពិនិត្យជាប្រចាំ និងការអនុវត្តវិធានការតឹងរឹងចំពោះករណីល្មើស គឺជាចំណុចសំខាន់ក្នុងការកាត់បន្ថយបញ្ហាបែបនេះ។
មហាជនបានសំណូមពរថា អាជ្ញាធរគួរពង្រឹងប្រព័ន្ធត្រួតពិនិត្យចាប់ពីដំណាក់កាលដំបូងនៃការសាងសង់ មិនមែនរង់ចាំដល់ពេលសំណង់ជិតរួចរាល់ឬបញ្ចប់នោះទេ។ ខណៈដែលម្ចាស់សំណង់ក៏ត្រូវបង្កើនការយល់ដឹង និងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកបង្កើតបរិយាកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល។
ទាក់ទិនករណីខាងលើនេះ មហាជនបានលើកជាចម្ងល់ថា តើយើងនឹងបន្តអនុញ្ញាតឲ្យ “សំណង់អត់ច្បាប់” កើតមានជាបន្តបន្ទាប់ ឬនឹងចាប់ផ្តើមអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពពិតប្រាកដ ដើម្បីការពារប្រយោជន៍សាធារណៈ និងអនាគតនៃការអភិវឌ្ឍទីក្រុង?៕


