សំណង់សង់មុនច្បាប់ ឬច្បាប់រត់តាមសំណង់? ករណីរោងចក្រតម្បាញនៅស្រុកស្អាង បង្កការសង្ស័យពីវិន័យនីតិវិធី

សំណង់សង់មុនច្បាប់ ឬច្បាប់រត់តាមសំណង់? ករណីរោងចក្រតម្បាញនៅស្រុកស្អាង បង្កការសង្ស័យពីវិន័យនីតិវិធី

ខេត្តកណ្ដាល៖ នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កំពុងមានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ពាក់ព័ន្ធនឹងសំណង់រោងចក្រតម្បាញក្រណាត់មួយកន្លែង ដែលត្រូវបានសាងសង់រួចទៅហើយប្រហែលជិត ៥០% ខណៈដែលលិខិតអនុញ្ញាតសាងសង់ទើបតែចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ប៉ុណ្ណោះ។ បញ្ហានេះបានបង្កជាចម្ងល់ធំមួយថា តើម្ចាស់សំណង់បានអនុវត្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធពេញលេញហើយឬនៅ?

យោងតាមលិខិតអនុញ្ញាតសាងសង់លេខ ១២៧ ដនស/អសណ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យសាងសង់អគាររោងចក្រតម្បាញក្រណាត់ រួមមានអគារផលិតកម្ម អគារស្នាក់នៅ អគារដាក់ម៉ាស៊ីនភ្លើង និងអគារបង្គន់អនាម័យ លើដីឡូត៍ទំហំជាង ៧,៥៦៥ ម៉ែត្រការ៉េ ដែលមានម្ចាស់ជាអ្នកវិនិយោគបរទេសពីររូប។

ទោះជាយ៉ាងណា ក្នុងលិខិតដដែលនេះ ត្រង់ចំណុចទី១២ បានកំណត់យ៉ាងច្បាស់ថា មុននឹងចាប់ផ្តើមសាងសង់ ត្រូវស្នើសុំ “លិខិតអនុញ្ញាតបើកការដ្ឋានសំណង់” ជាមុនសិន ដោយអនុវត្តតាមប្រកាសលេខ ៣២ ប្រក/សណ ឆ្នាំ២០០១ ស្តីពីការគ្រប់គ្រងការដ្ឋានសំណង់។

ប៉ុន្តែជាក់ស្តែង សំណង់ខាងលើត្រូវបានអនុវត្តការសាងសង់យ៉ាងសកម្ម ហើយឈានដល់ជិតពាក់កណ្តាលរួចទៅហើយ។ ដូច្នេះ សំនួរដែលមហាជនលើកឡើងគឺ៖ *តើលិខិតបើកការដ្ឋានសំណង់មានរួចហើយឬនៅ? *បើមាន តើហេតុអ្វីមិនបង្ហាញជាសាធារណៈ? *បើមិនទាន់មាន តើការសាងសង់នេះគឺជាការរំលោភច្បាប់ឬទេ?

បន្ថែមពីនេះ ចំណុចទី១៤ នៃលិខិតអនុញ្ញាតបានបញ្ជាក់ថា ក្នុងករណីសាងសង់មុនទទួលបានលិខិតបើកការដ្ឋាន ត្រូវផ្អាកការដ្ឋានជាបណ្តោះអាសន្ន ហើយប្រសិនបើមិនគោរព អាចប្រឈមនឹងវិធានការច្បាប់ រួមទាំងការដកហូតសម្ភារៈ និងប្តឹងទៅតុលាការ។

យ៉ាងណាក៏ដោយ ការឆ្លើយតបពីអាជ្ញាធរមូលដ្ឋានមើលទៅមិនទាន់ឆ្លុះបញ្ចាំងភាពច្បាស់លាស់ នៃការអនុវត្តច្បាប់ឡើយ។ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានឆ្លើយថា “មានលិខិតអនុញ្ញាតសាងសង់ហើយ” ខណៈសំនួរដែលអ្នកសារព័ត៌មានលើកឡើង គឺស្តីពី “លិខិតបើកការដ្ឋានសំណង់” ដែលជាលិខិតខុសគ្នាទាំងស្រុង។

ចំណែកលោក អឹម ប៊ុនថន អភិបាលរងស្រុក បានឆ្លើយថា “ចាំតែគោលការណ៍ពីក្រសួង” ដែលការឆ្លើយបែបនេះត្រូវបានមហាជនមើលថា មិនទាន់បង្ហាញពីតួនាទីទទួលខុសត្រូវ របស់អាជ្ញាធរមូលដ្ឋានក្នុងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពឡើយ។

ក្នុងបរិបទ នៃការអភិវឌ្ឍន៍លឿនបច្ចុប្បន្ន ការគោរពនីតិវិធីសំណង់មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចតាមច្បាប់។ ករណីនេះក្លាយជាគំរូសំខាន់មួយ សម្រាប់អាជ្ញាធរ និងវិនិយោគិនទាំងអស់ ត្រូវពិចារណាឡើងវិញថា តើការអភិវឌ្ឍគួរត្រូវដើរតាមច្បាប់ ឬច្បាប់ត្រូវរត់តាមការអភិវឌ្ឍ?

មហាជនកំពុងរង់ចាំការបំភ្លឺយ៉ាងច្បាស់ពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវភាពថ្លៃថ្នូរ តម្លាភាព និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងវិស័យសំណង់នៅកម្ពុជា។

គួររំលឹកថា ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់ អាជ្ញាធរខេត្តកណ្ដាល តែងតែបានលើកឡើងជាបន្តបន្ទាប់ថា ការសាងសង់គ្រប់ប្រភេទ ត្រូវគោរពតាមនីតិវិធីច្បាប់ជាធរមាន មិនអនុញ្ញាតឲ្យសាងសង់មុនទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋានឡើយ៕

fb img 1774597248607 img 20260327 143732 958 img 20260327 143732 883 img 20260327 143733 528 img 20260122 123502 942 img 20260122 123514 748 img 20260122 123529 265

Scroll to Top