មាន់ជល់អនឡាញកំពុងដំណើរការនៅកណ្ដាលក្រុងកំពង់ឆ្នាំង មិនញញើតច្បាប់ទម្លាប់

មាន់ជល់អនឡាញកំពុងដំណើរការនៅកណ្ដាលក្រុងកំពង់ឆ្នាំង មិនញញើតច្បាប់ទម្លាប់

ខេត្តកំពង់ឆ្នាំង៖ អ្នកកាសែតបានឃើញដោយផ្ទាល់ទីតាំងល្បែងមាន់ជល់អនឡាញមួយកន្លែងស្ថិតនៅភូមិ 6 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបើកដំណើរការលេងជាចំហមិនញញើតច្បាប់ទម្លាប់អ្វីឡើយ។ អាជ្ញាធរក្រុងកំពង់ឆ្នាំងអះអាងប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា នារសៀលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦នេះថា នឹងចាត់វិធានការមិនលើកលែងនោះឡើយចំពោះទីតាំងល្បែងអនឡាញខាងលើ។

យោងសេចក្តីរាយការណ៍ឲ្យដឹងថា ទីតាំងមាន់ជល់អនឡាញ នេះបើកដំណើរការ ហាក់ដូចជាមិនញញើតចំពោះច្បាប់ទម្លាប់អ្វីឡើយ។ គឺគេដំណើរការជាចំហ ដោយមិនមានការបិទបាំង ឬលាក់លៀមអ្វីឡើយ។ រីឯអ្នកទៅលេងល្បែងស៊ីសងនេះ ក៏មិនខ្វល់ចំពោះបញ្ហាខុសច្បាប់អ្វីនោះដែរ។ ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងល្បែងមាន់ជល់អនឡាញនេះយល់ថា នេះទំនងជាមានឥទ្ធិពល ឬមានអំណាចណាមួយ ជាមួយអាជ្ញាធរនោះហើយបានជាមិនញញើតច្បាប់យ៉ាងដូច្នេះ?

លោកអុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំងអះអាងថា នឹងបញ្ជាឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ខ្សាមចុះទៅចាត់ការដោយមិនលើកលែងនោះឡើយ។ លោកអធិការមានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់ថាការងារនេះមិនរួចពីដៃខ្ញុំទេ គ្រាន់តែខ្ញុំត្រូវការពេលវេលាបន្តិច,និងឱ្យច្បាស់លាស់សិន ទើបយើងមានចំណាត់ការតាមផ្លូវច្បាប់។ ដូចគ្នានេះដែរនាយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាមអះអាងថា នឹងចុះទៅត្រួតពិនិត្យមើល។

តាមប្រជាពលរដ្ឋនៅជិតៗនោះបានឱ្យដឹងថា គេសង្កេត ឃើញមានអ្នកវក់ និងល្បែងនេះចូលទៅលេង មិនដាច់រយៈនោះឡើយ។ ប្រភពបន្ថែមថា ទីតាំងខាងលើនេះបានបើកដំណើរការមួយរយៈកន្លងមកហើយ ក៏មិន ឃើញមានចំណាត់ការ ពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋសង្ឃឹមថា លោកអធិការនគរបាលក្រុងកំពង់ឆ្នាំងនឹងចាត់វិធានការចំពោះទីតាំងល្បែងមាន់ ជល់អនឡាញខាងលើនេះឱ្យខាងតែបាន៕

img 20260308 135939 626 img 20260308 135935 510 img 20260308 135930 114 img 20260308 135803 103

Scroll to Top