ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា សម្រាប់អភិវឌ្ឍកាយសម្បទា

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា សម្រាប់អភិវឌ្ឍកាយសម្បទា

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីអប់រំ​នៅគ្រប់គ្រឹះស្ថានសិក្សា​ ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារ និងជាថ្នាលបណ្ដុះកីឡា។​ ការថ្លែងបែបនេះក្នុងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ នាព្រឹកថ្ងៃទី​៨ ខែមិនា​ នេះ​ នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា​ វិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ដូចនេះសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកពេលវេលាពីការសិក្សាចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន នាំឱ្យមានការបំផ្លាញអនាគត​ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦​ គឺចាប់ពីថ្ងៃទី៦​ រហូតដល់ថ្ងៃទី១៩ ខែមីនានេះ​ លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល(ប៉េតង់) និងអត្តពលកម្ម​ សរុបរួម ៧១ក្រុម​ ក្នុងនោះនារី ១៥ក្រុម, ប្រតិភូ-គ្រូបង្វឹកចំនួន ១៨៩នាក់ ស្រី ៨នាក់, កីឡាករចំនួន ៨៨៤នាក់ ស្រី ២៥១នាក់​ ៕

img 20260308 160322 864 img 20260308 160337 690 img 20260308 160332 890 img 20260308 160327 074 img 20260308 160347 565 img 20260308 160342 131 img 20260308 160353 873 img 20260308 160354 789 img 20260308 160354 393 img 20260308 160354 616 img 20260308 160353 940 img 20260308 160354 222 img 20260308 160353 902 img 20260308 160354 284 img 20260308 160354 321 img 20260308 160354 041

Scroll to Top