ប៉ូលីសចុះអនុវត្តដីកាតុលាការចាប់មុខសញ្ញាគ្រឿង ញៀនហើយផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ប៉ូលីសចុះអនុវត្តដីកាតុលាការចាប់មុខសញ្ញាគ្រឿង ញៀនហើយផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ខេត្តក្រចេះ៖៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធក្នុងប្រតិបត្តិការចុះអនុវត្តដីកាតុលាការរបស់កម្លាំងនគរបាលខេត្ត និងក្រុងក្រចេះ ពាក់ព័ន្ធនឹងមុខសញ្ញាជួញដូរគ្រឿងញៀន។

ទោះជាយ៉ាងណា ជុំវិញករណីនេះមានការឆ្លើយតបខុសគ្នា ដោយខាងសមត្ថកិច្ចអះអាងថា ជាការបង្ក្រាបបក្សពួកជនសង្ស័យ ចំណែកក្រុមគ្រួសារអះអាងថាជាការបាញ់សម្លាប់មនុស្សស្អាតស្អំ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៦ ស្ថិតនៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើត ហេតុ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដន ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ថា គេឃើញកម្លាំងនគរបាលប្រើប្រាស់រថយន្តចំនួន ២គ្រឿង បានធ្វើសកម្មភាពចុះមកដល់ផ្ទះជនសង្ស័យ។ នៅពេលនោះ ជនសង្ស័យឈ្មោះ ដន បានព្យាយាមរត់គេចខ្លួន ហើយសមត្ថកិច្ចក៏បានដេញតាម និងបាញ់គំរាមឱ្យឈប់។ ភ្លាមៗនោះ ស្រាប់តែមានសំឡេងស្រែកថា «បាញ់ៗ» ហើយបុរសម្នាក់ដែលត្រូវជាក្មួយជនសង្ស័យបានបើកទ្វារចេញមក ក៏ត្រូវគ្រាប់កាំភ្លើងចំដើមទ្រូង បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាមតែម្តង។

តាមការរៀបរាប់របស់​ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ឈ្មោះ ថា មករា អាយុ ២៧ឆ្នាំ។ ពួកគាត់បានបង្ហាញការប្រតិកម្មយ៉ាងខ្លាំង និងបានរៀបរាប់ទាំងក្តុកក្តួលថា ​ជនរងគ្រោះជាមនុស្សស្អាតស្អំ និងគ្មានកំហុស។ ពួក គាត់បន្តថា​បន្ទាប់ពីមានការផ្ទុះអាវុធ ពួកគាត់បានឆែក ឆេរហោប៉ៅសពក្រៅតែពីទូរស័ព្ទនិងកាសប្លូធូកាបូបលុយឃើញថាគ្មានអ្វីទាំងអស់។​ ប៉ុន្តែនៅពេលដឹកសពទៅដល់មន្ទីរពេទ្យ សមត្ថកិច្ចបានដេញក្រុមគ្រួសារចេញពីក្រៅរថយន្ត រួចបញ្ចូលសពទៅក្នុងបន្ទប់ ស្រាប់ តែក្រោយមកឃើញមានគ្រឿងញៀននៅក្នុងហោប៉ៅសពទៅវិញ ។

ជុំវិញករណីនេះ លោក ហ៊ន ប៉ូច អ្នកនាំពាក្យ និងជាស្នងការរងនគរបាលខេត្តក្រចេះ បានបញ្ជាក់យ៉ាងខ្លីថា បុរសដែលស្លាប់ក្នុងហេតុការណ៍ខាងលើ គឺជាបក្សពួករបស់ជនសង្ស័យ។ លោកបានបន្តថា បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តនីតិវិធី។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមេក្លោងឈ្មោះ ដន បានផងដែរ បន្ទាប់ពីមានព័ត៌មានថាជនរូបនេះមានអាវុធ៕

img 20260223 163024 943 img 20260223 163024 905 img 20260223 163025 478 img 20260223 163025 157

 

Scroll to Top