ខេត្តកណ្ដាល៖ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ដោយចូលថ្លឹងនៅស្ថានីយថ្លឹងរថយន្តអង្គស្នួលបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះ ជញ្ជីងនៅស្ថានីយខាងលើនេះថាលួចស៊ីគីឡូដើម្បីបានប្រាក់ផាកពិន័យ។ ក្រៅពីបញ្ហាដែលថ្មីស្រឡាងនេះ រឿងរ៉ាវដដែលៗ សម្រាប់ស្ថានីយថ្លឹងរថយន្តខាងលើ នៅតែបន្តកើតមានតាមរយៈការសុំប្រាក់ពីអ្នកបើកបររថយន្តដឹកទំនិញធំៗ ទោះបីជាមិនលើសទម្ងន់ក៏ដោយ។
ក្រុមអ្នកដឹកទំនិញតាមរថយន្តធំៗបានលើកឡើងនៅខាងមុខស្ថានីយ៍ថ្លឹងរថយន្តអង្គស្នួលលើផ្លូវជាតិលេខ៤ ដោយបានបញ្ជាក់ថា មុនចាកចេញគាត់ថ្លឹងរថយន្តមានទម្ងន់៤៣តោន។ នៅពេលមកដល់ជញ្ជីងថ្លឹងរថយន្តនៅចំណុចស្រុកអង្គស្នួល នៅពេលថ្លឹងស្រាប់តែកើន ឡើងដល់ជាង៤៧តោនទៅវិញ។ មានន័យថា លើសពីទម្ងន់កំណត់ជាង២តោន ដែលតម្រូវឲ្យអ្នកបើកបរត្រូវបង់ប្រាក់ផាកពិន័យ។ ពួកគាត់និយាយថា មិនមែន មានតែរថយន្ត១គ្រឿងនោះទេ ដែលបង្ហាញអំពីភាពមិនប្រក្រតីនៃជញ្ជីងថ្លឹងរថយន្តនៅស្រុកអង្គស្នួលនោះ។
ប្រភពពីអ្នករកស៊ីដឹកទំនិញផ្សេងទៀតបានអះអាងអំពីភាពមិនថ្លៃថ្នូរ នៃក្រុមមន្ត្រីនៅស្ថានីយថ្លឹងរថយន្តខាង លើនេះក្រោមការគ្រប់គ្រងរបស់លោកស៊ូ ទីរ៉ូ តាមរយៈការជម្រេញសុំប្រាក់ពីអ្នកស៊ីឈ្នួលបើកបរដឹកទំនិញឲ្យគេ។ ជួនកាលគេសុំត្រង់ៗដូចជាថ្លៃបាយ ឬក៏ថ្លៃទឹកផឹកនិងកាហ្វេជាដើម។ ចំណុចនេះបានធ្វើឲ្យមានការអាក់ អន់ស្រពន់ចិត្តជាខ្លាំង ពីក្រុមនៅរកស៊ីដឹកទំនិញដែលគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូនពោលគឺដឹកមិនលើសទម្ងន់។
ស្ថានីយថ្លឹងរថយន្តផ្លូវជាតិលេខ៤ នៅចំណុចភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានក្រុមអ្នក រកស៊ីដឹកជញ្ជូនទំនិញនិយាយថា បានបន្លំដោយលេងស្ទីលថ្មីក្នុងការស៊ីភ្នែកជញ្ជីង ធ្វើឲ្យលើសទម្ងន់បន្តិច បន្តួចដើម្បីផាកពិន័យ។ ករណីនេះពួកគាត់សំណូមពរទៅដល់លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ក៏ដូចជាក្រសួងសាធារណការនិងដឹក ជញ្ជូន ពិនិត្យមើលបញ្ហាថ្មី ដែលកំពុងកើតមាននៅស្ថានីយខាងលើនេះផង៕


