ខេត្តតាកែវ÷ ក្រុមរថយន្តសុីឈ្នួល ដឹកទំនិញពីប្រទេសវៀតណាម បកស្បែកមុខមន្ត្រីគយខេត្តតាកែវឱ្យដឹងថា ចាប់ពីច្រកព្រំដែនភ្នំដិន ដល់ភ្នំពេញ មានកុងត្រូលជជុះចាំជំរិតទារប្រាក់មាន៤កន្លែង ជាពិសេសលើផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានមន្ត្រីគយឈ្មោះ រក្ស បានជួលជនស៊ីវិលឱ្យចាំយកប្រាក់ពីអ្នកដឹកទំនិញគ្រប់ប្រភេទ។
ក្រុមដែលរកស៊ីបានឲ្យដឹងថា គយរក្សហាក់ដូចជាអ្នកម៉ៅផ្ដាច់ទិញផ្លូវជាតិលេខ២ ពីមន្ត្រីគយប្រចាំខេត្តតាកែវ ដោយគាត់បានជួលជនស៊ីវិល ដាក់ឲ្យនៅប្រចាំការនៅចំណុចភូមិផ្សារតាកោនោះ អង្គុយចាំទទួលយកប្រាក់ពីអ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទ។ ខ្វះ១កាក់១សេនមិន បានទេ គឺត្រូវប្រឈមនឹងការអូសឡានទៅស្នាក់ការគយ។ គយ រក្ស នេះល្បីល្បាញណាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់មុខលោកគយម្នាក់នេះ។
ក្រុមរថយន្តសុីឈ្នួលដឹកសំបកបាវ និងទំនិញផ្សេងៗ លើកឡើងថា ម្នាក់ៗជិតរត់ចោលស្រុកហើយ ខណះដែលក្រុមគយដឹកនាំដោយមន្ត្រីគយ ឈ្មោះ រក្ស បានបណ្ដាក់គ្នាដូចខ្យង ចាំដេញរថយន្តឱ្យបង់លុយចូលហោប៉ៅខ្លូន ក្នុងក្បាល១ឡាន ៧០០០០៛ គ្រប់ទំនិញពីមកពីប្រទេសវៀតណាម ខ្វះ១រៀលក៏មិនបានផង។ បើ មិនដូច្នោះទេគឺ ត្រូវអូសឡានទៅទុកនៅសាខាគយរដ្ឋាករខេត្តតាកែវ ដែលគ្រប់គ្រងដោយ លោក ស៊ុន ឆាយ ជាមិនខានឡើយ។ ក្រុមរថយន្តដឹកទំនិញលើក ឡើងថា ពេលទៅដល់កន្លែងស្នាក់ការគយ មានរងគយម្នាក់ ឈ្មោះលី ចាំសម្របសម្រួលដោះស្រាយបង់ក្បាលឡាន ១ក្បាលឡាន ៣ លាន ទៅ ៤លានរៀល ទើបដោះលែង។ ពួកគេបន្តថា មេថ្មីនៅសាខាខេត្តតាកែវ មិនមានមនោសញ្ចេតនាឡើយ ។
ក្រុមអ្នករកស៊ីដឹកទំនិញមានការងឿងឆ្ងល់មិនដឹងថាក្រុមគយឈ្មោះ រក្ស ថា តើជាគយចល័តឬកូនចៅរបស់ លោក ស៊ុន ឆាយ ឬជាកម្លាំងអ្វីមកពីណានោះឡើយដោយក្រុមរបស់លោករក្សមិនពាក់ឯកសណ្ឋានអ្វីទេ។ ពាក់តែសុីវិលធម្មតាអង្គុយចាំយកលុយតែម្ដងហើយបង់ឱ្យមិនគ្រប់ខ្វះតិចតួច គឺគំរាមអួសឡានគ្មានមានត្រា ប្រណីឡើយ។ ក្រុមរកស៊ីដឹកទំនិញបន្តថា លុយទាំង អស់គ្មានលិខិតស្នាមវិក័យប័ត្រអ្វីឡើយ គឺទទួលយកឆៅៗដាក់ចូលហោប៉ៅពួកគេតែម្ដង ?
ក្រុមអ្នករកស៊ីបន្តថា ពួកគាត់សុីឈ្នួលដឹកទំនិញឲ្យគេបានចងការប្រាក់ទិញរថយន្តសម្រាប់ដឹកទំនិញដោយរំពឹងថាបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ តែជាក់ស្ដែងសព្វថ្ងៃនេះអ្នកខ្លះរត់ចោលស្រុកដោយវ័នកជំពាក់គេ ដោយគយចល័ត៤កន្លែងលើផ្លូវជាតិលេខ២ ជាន់ក បង់មិនគ្រប់ផង មានគយចល័តក្រសួងមធ្យមទេ តែចំណែកចល័តខេត្ត ឬសាខាខេត្តគឺមិនយោគយល់ទេ។
អ្នកកាសែតមានចុះបេសកកម្ម ឃើញថាពិតជាមានក្រុមរថយន្តដឹកទំនិញគ្រប់ប្រភេទចូលបង់លុយនៅស្នាក់ការខាងលើពិតប្រាកដមែន ចាប់តាំងពីព្រលប់រហូតដល់យប់ជ្រៅបន្តកន្ទុយគ្នាចូលបង់ប្រាក់។ អ្នកកាសែតមិនអាចសុំការបំភ្លឺណាមួយបានទេពីសំណាក់លោក លី ដោយទៅជួបផ្ទាល់លោកជាប់ភ្លៀវឲ្យអង្គុយចាំ។ អ្នក កាសែតអង្គុយចាំរាប់ម៉ោង តែលោកមិនទាន់អនុញ្ញាត និងទាក់ទងទៅលោក ស៊ុន ឆាយ តាមរយៈប្រព័ន្ធអេឡិចត្រូនិចតែលោកមិនលើកទូរសព្ទ ។
អ្នកកាសែតមិនអាចសុំការបកស្រាយណាមួយបានឡើយ ពីលោកគយឈ្មោះ រ័ក្ស លាក់មុខនោះឡើយ ពីព្រោះគ្មានលេខទូរសព្ទទាក់ទង ។
អង្គភាពយើងខ្ញុំរងចាំបំភ្លឺរាល់ម៉ោងការងារ សូមអរគុណ ៕


