ប្រជាពលរដ្ឋបួនភូមិក្នុងឃុំស្រង់ស្រុកគងពិសីជួបផលលំបាកបញ្ហាប៉ះពាល់បរិស្ថានដោយសាររោងចក្រដុតកង់ឡានចំរាញ់យកប្រេង

ប្រជាពលរដ្ឋបួនភូមិក្នុងឃុំស្រង់ស្រុកគងពិសីជួបផលលំបាកបញ្ហាប៉ះពាល់បរិស្ថានដោយសាររោងចក្រដុតកង់ឡានចំរាញ់យកប្រេង

ខេត្តកំពង់ស្ពឺ÷ប្រជាពលរដ្ឋ៤ភូមិ ដែលរស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ សុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី ជួយអន្តរាគមន៍ ពាក់ព័ន្ធករណីរោងចក្រដុតកង់ឡាន ចម្រាញ់យកប្រេង១កន្លែង ដែលមានទីតាំង នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី កំពុងបង្កផលប៉ះ ពាល់ដល់ការរស់នៅ និងសុខភាពរបស់ពួកគាត់។

លោកហន ពិសិ ដ្ឋអភិបាលនៃគណៈអភិបាលស្រុកគងពិសីបានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានឃុំនិងស្រុកបានចុះពិនិត្យរួចរាល់ម្ដងហើយ ហើយនិងកំពុងរង់ចាំមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺរួមនិងអាជ្ញាធរចុះពិនិត្យម្ដងទៀត ដើម្បីវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់។ មានន័យថា មិនទាន់មានលទ្ធផលយ៉ាង ណា ចំពោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជុំវិញបញ្ហាផលប៉ះពាល់បរិស្ថានការរស់នៅរបស់ពួកគាត់នោះនៅ ឡើយទេ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុង ភូមិថ្មស,ភូមិបេង, ភូមិអណ្តូងចុះ, ភូមិស្រង់ ស្ថិតនៅក្នុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្តឹងរោងចក្រដុតសំបកកង់ឡានចំរាញ់យកប្រេងមានទីតាំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ស្ថិតនៅខាងលិចផ្លូវលេខ ៤១ប្រហែល ១៥០ ម៉ែត្រចន្លោះគីឡូលេខ ២៧)។

ប្រជាពលរដ្ឋរៀបរាប់ក្នុងពាក្យបណ្ដឹងនោះថា ដំបូងឡើយ មានរោងចក្រ១បានមកបោះទីតាំងខាងលើ រួចធ្វើសកម្មភាពដុតសំបកកង់ឡានចំរាញ់យកប្រេង ដែលការដុតកង់ឡាននោះមានលាយជាមួយអ្វីម្យ៉ាង ដែល
បានបំភាយក្លិនអាក្រក់តាមខ្យល់ហើរគ្របដណ្តប់ លើប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ធ្វើឱ្យមានក្លិនស្អុយពិបាកដកដង្ហើម,ពិបាកគេង,វិលមុខឈឺក្បាល.. ភ័យព្រួយ ខ្លាចកើតជម្ងឺផ្សេងៗ។ ជាពិសេលគ្រួសារ ដែលមាន កូនខ្ចី,កូនង៉ែត ក្មេងៗ និងចាស់ជរា មានការប៉ះ ពាល់ខ្លាំងព្រោះកំលាំងខ្សោយ។ ប្រជាពលរដ្ឋខ្លះពាក់ម៉ាស់ហើយ តែនៅតែមិនបាត់ក្លិនទៀត។ មួយវិញទៀត ដោយការដុតបង្កក្លិនស្អុយឆួល ឈ្ងៀមកៅស៊ូកាវគ្មានការកោតក្រែងរអែងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នោះបន្តិចសោះ។ សូមបញ្ជាក់ថា ការដុតបង្កក្លិនស្អុយនោះ ភាគច្រើនដុតប្រហែលចាប់ពីម៉ោង៧យប់ទៅ ។

ស្ត្រីម្នាក់បាននិយាយថា ក្រុមហ៊ុនដោយមិនមានស្លាកឈ្មោះបានដុតជ័រកៅស៊ូពីសំបកកង់ឡានចាស់ៗ ធ្វើឲ្យមានក្លិនឈ្ងៀមឈួលពិបាកទ្រាំ។ គាត់បាននិយាយថា វាបានប៉ះពាល់សុខភាពខ្លាំងណាស់ ហើយឃើញសំបកកង់ឡានចាស់ៗត្រូវបានគេដឹកចូលទាំងឡាយធំៗ។ ក្លិន ស្អុយឈ្ងៀមនៅពេលគេដុតសំបកកង់ឡាននោះ ធ្វើឲ្យពិបាកទ្រាំនិងពិបាករស់នៅ។ ស្ត្រីខាងលើបន្តថា គេឃើញមានរថយន្តដឹកសំបកកង់ឡានចាស់ៗ ចូលក្នុងរោងចក្រខាងលើនោះជាញឹកញាប់។

ប្រជាពលរដ្ឋមិនដឹងថា តើក្រុមហ៊ុនកែច្នៃសំបកកង់ ឡានធ្វើជាប្រេងនោះជារបស់អ្នកណាឲ្យប្រាកដទេ។ អ្វីដែលគេដឹងនោះគឺបញ្ហានេះ បានអូសបន្លាយពេលជា យូរមកហើយ ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនបានយក ចិត្តទុកដាក់ដោះស្រាយអំពីផលប៉ះពាល់ នៃការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។ ប្រជាពលរដ្ឋទាំង៤ភូមិខាងលើសង្ឃឹមថា លោកអភិបាលស្រុកគងពិសី នឹងចាត់វិធានការចំពោះបញ្ហានេះ។

ការរង់ចាំអស់រយៈពេលជាយូរមកនោះ ប្រជាពលរដ្ឋមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ដូច្នេះអ្នកភូមិសំណូមពរឲ្យក្រសួងបរិស្ថានចាត់កម្លាំងមន្ត្រីជំនាញចុះពិនិត្យដោយផ្ទាល់ទើបបានទទួលលទ្ធផលឆាប់រហ័ស៕

fb img 1767685896992 img 20260106 144551 854 videocapture 20260106 144726 img 20260106 145055 191 videocapture 20260106 144737 videocapture 20260106 144700 img 20260106 144615 139 img 20260106 144537 644 img 20260106 144541 545 img 20260106 144537 206 img 20260106 144537 581 img 20260106 144527 318

Scroll to Top