ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ មានសេចក្តីរាយការណ៍អំពី សកម្មភាព កាយដីក្រហមលក់យ៉ាងអនាធិបតេយ្យ នៅចំណុចដីក្រហម ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបង្កឲ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃនេះ។
យោងតាមប្រភពនៅទីតាំង បានបញ្ជាក់ថា សកម្មភាពកាយដីនេះ កំពុងដំណើរការយ៉ាងពេញទំហឹង មិនមែនជាការកាយតូចតាច ឬជាបណ្ដោះអាសន្ននោះទេ។ គេសង្កេតឃើញរថយន្តធំៗ ចូលចេញជាប្រចាំ ដឹកដីចេញលក់ ដោយមិនឃើញមានសកម្មភាពមន្ត្រីអនុវត្តច្បាប់ណាមួយ ចុះត្រួតពិនិត្យជាក់លាក់ពីអាជ្ញាធរពាក់ព័ន្ធ។
សំណួរពីមហាជនដែលសង្គមកំពុងសួរ គឺ៖
-តើការកាយដីនេះមានអាជ្ញាប័ណ្ណស្របច្បាប់ដែរឬទេ?
-បើមានច្បាប់ អ្នកណាជាអ្នកអនុញ្ញាត? អនុញ្ញាតក្រោមលក្ខខណ្ឌអ្វី?
-បើគ្មានច្បាប់ ហេតុអ្វីសកម្មភាពនេះអាចដំណើរការបានយ៉ាងរំភើប ដូចជាធ្វើក្នុងដីឯកជន មិនមែនជារបស់រដ្ឋ?
ការកាយដីក្រហមដោយគ្មានការគ្រប់គ្រង មិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ច ឬផលប្រយោជន៍ឯកជនប៉ុណ្ណោះទេ ប៉ុន្តែវាជា បទល្មើសលើធនធានធម្មជាតិ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន៖
-ការបំផ្លាញបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
-ការបាក់ដី បំផ្លាញដីកសិកម្មរបស់ប្រជាពលរដ្ឋ
-ការបាត់បង់ធនធានជាតិ ដែលគួរត្រូវបានគ្រប់គ្រងសម្រាប់ជំនាន់ក្រោយ
-ការប៉ះពាល់ដល់សុវត្ថិភាពសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន
ពាក់ព័ន្ធករណីខាងលើនេះ លោក គាវ លាងគា អភិបាលស្រុកភ្នំស្រួច បានប្រាប់មកកាន់ពេញចិត្តមេឌាតាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡាក្រាមយ៉ាងខ្លីថា ចាំមើលខ្ញុំឆែកមើលសិន។
ទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋសូមអាជ្ញាធរមានសមត្ថកិច្ចជំនាញពិនិត្យ ស្រាវជ្រាវ និងបង្ហាញភាពច្បាស់លាស់ជាសាធារណៈថា សកម្មភាពខាងលើនេះ ស្របច្បាប់ ឬផ្ទុយច្បាប់។ ការស្ងៀមស្ងាត់ មិនអាចជាចម្លើយចំពោះការបំផ្លាញធនធានជាតិបានឡើយ៕


