ខេត្តកំពង់ស្ពឺ៖ ទីតាំងស្តុកសំរាមរបស់ក្រុមហ៊ុនវេង ស្រែង ហ្រ្គីនត្រូវប្រជាពលរដ្ឋនិយាយថា បានបង្ហូរទឹកកខ្វក់ជះក្លិនស្អុយ បង្កផលប៉ះពាល់ដល់ផលដំណាំ និងការរស់នៅរបស់ពួកគាត់ ជាពិសេសផ្លូវដង្ហើមមនុស្សចាស់ជរាងាយរងគ្រោះ និងក្មេងតូចៗ ។
ទីតាំងចាក់សំរាមរបស់ក្រុមហ៊ុនវេងស្រែងហ្រ្គីន ស្ថិតនៅចង្កេះភ្នំមួយកន្លែងក្នុងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនវេង ស្រែង ហ្រ្គីន នេះមិនត្រឹមតែបង្ហូរទឹកកខ្វក់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ បច្ចុប្បន្នក៏មានរថយន្តដឹកសំរាម និងកាកសំណល់ជាច្រើនតាមបណ្ដាស្រុក-ក្រុងទូទាំងខេត្តកំពង់ស្ពឺខ្លះយកមកចាក់ចោលនៅទីលាន ចំណែករថយន្តខ្លះទៀតនៅពេលយប់បានដឹកសំរាមយកទៅចាក់ចោលពាសវាល ពាសកាលនៅតាមផ្លូវសាធារណៈ និងដីវាលមួយចំនួនបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមេត្តាជួយចុះពិនិត្យ និងចាត់វិធានការទប់ស្កាត់រថយន្តដឹកសំរាមយកទៅចាក់ចោលពាសវាល ពាសកាលទាំងនោះ និងជួយទប់ស្កាត់ការបង្ហូរទឹកកខ្វក់មានក្លិនស្អុយរបស់ក្រុមហ៊ុននេះផង។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺ បកស្រាយពីម្ចាស់ក្រុមហ៊ុនស្តុកសំរាម វេង ស្រែង ហ្គី្រន បានទេនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមិនមានលេខទូរស័ព្ទធ្វើការទំនាក់ទំនង ៕


