ខេត្តកណ្តាល៖ សកម្មភាពធ្វើអាជីវកម្មនេសាទដោយប្រើប្រាស់ឧបករណ៍ «ធ្នួសព្រួល» បិទទទឹងភ្ជិតមាត់ព្រែក ហៅឡូ០៧ ក្នុងភូមិទួលស្នាយ ឃុំលើកដែក ស្រុកកោះធំ កំពុងតែដំណើរការប្រមូលផលយ៉ាងអនាធិបតេយ្យ ខណៈមន្ត្រីជំនាញជលផល និងអាជ្ញាធរមូលដ្ឋាន ហាក់បីដូចជាសម្តែងល្ខោនរុញបាល់ដាក់គ្នា និងគេចវេះមិនព្រមបំភ្លឺជូនមហាជនឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា របាំងធ្នួសព្រួលបិទភ្ជិតព្រែកមួយកន្លែងនេះ បាន និងកំពុងដំណើរការចាប់កើបយកផលនេសាទយ៉ាងចំហជាច្រើនថ្ងៃមកហើយ។ សកម្មភាពនេះបានបិទផ្លូវទឹកទាំងស្រុង រហូតធ្វើឱ្យ «សូម្បីតែកូនត្រីតូចមួយក្បាល ក៏មិនអាចហែលឆ្លងព្រែកបានដែរ» ដែលជាការបំផ្លាញពូជមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋបានត្រឹមតែគ្រវីក្បាល អស់សង្ឃឹមចំពោះភាពព្រងើយកន្តើយរបស់ភាគីពាក់ព័ន្ធ ទាំងថ្នាក់សហគមន៍នេសាទ និងមន្ត្រីជលផលប្រចាំស្រុកកោះធំ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងសុំការបំភ្លឺពី លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ដើមី្បសាកសួរថា តើសកម្មភាពបិទព្រែកនេះ មានច្បាប់អនុញ្ញាតដែរឬយ៉ាងណា? ប៉ុន្តែលោកនាយខណ្ឌរូបនេះ មិនព្រមឆ្លើយតប ឬធ្វើការបកស្រាយឡើយ ទាំងតាមប្រព័ន្ធ Telegram និងការទូរស័ព្ទហៅចូលផ្ទាល់។
ដោយឡែក លោកមេឃុំលើកដែក បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា សកម្មភាពរបស់សហគមន៍គឺ «មានច្បាប់អនុញ្ញាតពីជំនាញជលផល»។ ប៉ុន្តែ នៅពេលអ្នកសារព័ត៌មានសុំមើលលិខិតអនុញ្ញាតជាផ្លូវការដើម្បីផ្ទៀងផ្ទាត់ លោកមេឃុំបែរជាទម្លាក់កំហុសថា លិខិតនោះ «នៅជាមួយប្រធានសហគមន៍» ទៅវិញ។
បន្ទាប់មក អ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅ លោក សាន រស់ ប្រធានសហគមន៍នេសាទពាមឃ្លាំង តាមលេខទូរស័ព្ទដែលផ្តល់ឱ្យដោយលោកមេឃុំលើកដែក ប៉ុន្តែមិនអាចទាក់ទងបានឡើយ (ទូរស័ព្ទ call មិនចូល)។
ការរុញកំហុសដាក់គ្នាទៅវិញទៅមក រវាងអាជ្ញាធរឃុំ មន្ត្រីជំនាញជលផល និងប្រធានសហគមន៍ ជុំវិញបទល្មើសបិទភ្ជិតព្រែកនេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរិះគន់យ៉ាងខ្លាំង និងលើកឡើងថា នេះគឺជាអំពើពុករលួយដែលមានលក្ខណៈប្រព័ន្ធ។ ប្រជាពលរដ្ឋសម្ដែងការហួសចិត្ត និងយល់ឃើញថា ច្បាប់ស្តីពីជលផល និងការអភិរក្សហាក់មានតែនៅលើក្រដាស ប៉ុន្តែនៅលើផ្ទៃទឹក គឺមានតែការឃុបឃិតគ្នាបើកដៃឱ្យប្រព្រឹត្តបទល្មើស ដើម្បីផលប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។
សាធារណជន និងប្រជាពលរដ្ឋក្នុងស្រុកកោះធំ កំពុងរង់ចាំមើលថា តើ លោកអភិបាលខេត្តកណ្តាល និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានវិធានការក្តៅយ៉ាងណាចំពោះក្រុមមន្ត្រីថ្នាក់ក្រោម និងក្រុមជនខិលខូច ដែលកំពុងតែរួមដៃគ្នាយកច្បាប់រដ្ឋធ្វើជាឧបករណ៍បាំងមុខបែបនេះ?៕


