ខេត្តតាកែវ៖ ជុំវិញករណីបាត់បង់ប្រព័ន្ធបញ្ជាម៉ូទ័រ ឬ ខួរក្បាលម៉ាស៊ីនបូមទឹក យ៉ាងអាថ៌កំបាំងនៅស្ថានីយសហគមន៍ចំនួនពីរ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាពេលថ្មីៗនេះ ក្រោយពេលរងនូវការរិះគន់ និងការទាមទារពីប្រជាពលរដ្ឋ ពេលនេះភាគីសហគមន៍ទាំងពីរបានចេញសេចក្តីបំភ្លឺជាផ្លូវការរៀងៗខ្លួនហើយ ដោយអះអាងពីការបាត់បង់ ប៉ុន្តែបានច្រានចោលការសង្ស័យជុំវិញការជាប់ពាក់ព័ន្ធរបស់គណៈកម្មការសហគមន៍។
សហគមន៍កសិករប្រើប្រាស់ទឹកតាស៊ូង (ឃុំបានកាម) តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ចុះហត្ថលេខាដោយលោក ភឿក រុន បានទទួលស្គាល់ថា មានករណីកាត់សោចូលលួចខ្សែភ្លើង និងប្រព័ន្ធបញ្ជាម៉ូទ័រ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ពិតប្រាកដមែន នៅពេលដែលសហគមន៍ផ្អាកការបូមទឹកស្រោចស្រព។
លោកបានបញ្ជាក់ថា ករណីនេះពុំមានការពាក់ព័ន្ធនឹងគណៈកម្មការសហគមន៍ឡើយ ហើយបច្ចុប្បន្នគណៈកម្មាធិការបានជួសជុល និងដំឡើងប្រព័ន្ធបញ្ជាថ្មីរួចរាល់ ព្រមទាំងរៀបចំឱ្យមានអ្នកយាមប្រចាំការពេលយប់ ដើម្បីធានាថាការបូមទឹកស្រោចស្រពស្រូវរដូវប្រាំង (២០២៦-២០២៧) មិនមានការរាំងស្ទះ។
ទោះជាយ៉ាងណា ក្នុងលិខិតបំភ្លឺរបស់លោក ភឿក រុន ពុំបានបញ្ជាក់ច្បាស់ពីការដាក់ពាក្យបណ្តឹងនៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋមានការងឿងឆ្ងល់ និងរិះគន់ជុំវិញការប្រមូលប្រាក់សន្សំពីប្រជាពលរដ្ឋមកទិញសម្ភារៈជំនួសវិញ។
សហគមន៍អ្នកប្រើប្រាស់ទឹកធម្មវិន័យ (ឃុំស្នោ) នៅក្នុងសេចក្តីបំភ្លឺចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចុះហត្ថលេខាដោយលោក ជា ប៉ាក់ បានបញ្ជាក់ស្រដៀងគ្នាដែរថា ការបាត់បង់សម្ភារៈនេះមិនពាក់ព័ន្ធនឹងគណៈកម្មការសហគមន៍ទេ ប៉ុន្តែខុសពីឃុំបានកាម គឺគណៈកម្មាធិការសហគមន៍ធម្មវិន័យបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋបាលឃុំពាក់ព័ន្ធរួចរាល់ហើយ។
លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ខាងសហគមន៍ពិតជាបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលមែន ប៉ុន្តែរហូតមកទល់ពេលនេះសមត្ថកិច្ចនៅពុំទាន់រកឃើញតម្រុយច្បាស់លាស់ណាមួយនៅឡើយទេ។
លោកអធិការបញ្ជាក់ថា កម្លាំងជំនាញកំពុងបន្តបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងនឹងលាតត្រដាងលទ្ធផលជូនសាធារណជននៅពេលក្រោយ។
ករណីបាត់ខួរក្បាលម៉ាស៊ីនបូមទឹកក្នុងពេលស្រដៀងគ្នានេះ បានបង្កជាការជជែកវែកញែកយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ និងកសិករ ដោយពួកគាត់លើកឡើងថា៖ «បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃមិនហ៊ាន» និងសង្ស័យពីភាពមិនប្រក្រតី ឬភាពអាថ៌កំបាំងនៅពីក្រោយខ្នង។
កន្លងមក កសិករនិងសមាជិកសហគមន៍ទាំងពីរទីតាំង បានស្នើសុំយ៉ាងទទូចដល់លោក គឹន ភក្តី អភិបាលស្រុកព្រៃកប្បាស និងលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក ចាត់វិធានការស៊ើបអង្កេតដោយតម្លាភាព ស្វែងរកមុខជនខិលខូចមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងពឹងផ្អែកលើទឹកសម្រាប់បង្កបង្កើនផលស្រែស្រូវ៕


