ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកអភិបាលរងស្រុកម៉ាឡៃ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរលំនៅឋានមួយកន្លែង នៅជាប់អូរព្រំដែនកម្ពុជា-ថៃ ដោយរឹបអូសបានស្រាបរទេសអត់ពន្ធចំនួន ៤៦កេស និងបាននាំខ្លួនម្ចាស់ផ្ទះ២នាក់ប្ដីប្រពន្ធ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ទីតាំងដែលសមត្ថកិច្ចចុះឆែកឆេរខាងលើ ជាផ្ទះរបស់ឈ្មោះ ឡុង (ប្ដី) និងឈ្មោះ វី (ប្រពន្ធ) ដែលមានទីតាំងស្ថិតនៅក្បែរមាត់អូរព្រំដែន។ នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងជំនាញបានរកឃើញស្រាដបម៉ាក «ROBERT MONDAVI» ចំនួន ៤៦កេស ដោយពុំមានឯកសារបញ្ជាក់ពីប្រភពដើម ឬលិខិតស្នាមបង់ពន្ធស្របច្បាប់ឡើយ។ សមត្ថកិច្ចសង្ស័យថា ទំនិញទាំងនេះត្រូវបានក្រុមឈ្មួញទុច្ចរិតដឹកយកមកស៊កសៀតលាក់ទុក ដើម្បីរង់ចាំឱកាសលួចលាក់នាំចេញឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាម្ចាស់ផ្ទះទាំង ២នាក់ប្ដីប្រពន្ធ បានឆ្លើយដោះបន្ទុកថា ស្រាចំនួន ៤៦កេសនេះ ពួកគាត់ទិញយកមកស្តុកទុកសម្រាប់រៀបចំកម្មវិធីឡើងផ្ទះថ្មីប៉ុណ្ណោះ។ ទោះជាយ៉ាងណា ផ្អែកលើតម្រុយ និងវត្ថុតាងជាក់ស្តែង សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនប្ដីប្រពន្ធទាំងពីរនាក់ ព្រមទាំងរឹបអូសវត្ថុតាងស្រាទាំង ៤៦កេស បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា ទីតាំងបង្ក្រាបខាងលើ គឺជាចំណុចក្បែរទីតាំងចាស់ ដែលកម្លាំងយោធា និងកម្លាំងវរនគរបាលការពារព្រំដែន ទើបតែបានចុះរឹបអូសបារីគេចពន្ធចំនួន ២៦ប៊ិក កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ខណៈដែលក្រុមឈ្មួញទុច្ចរិតបានលួចយកទៅលាក់ទុកក្បែរមាត់អូរព្រំដែន ក្នុងបំណងលួចជញ្ជូនឆ្លងដែនទៅប្រទេសថៃនាពេលយប់ស្ងាត់ តែត្រូវកម្លាំងជំនាញទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា៕


