រាជធានីភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយជាសាធារណៈជុំវិញករណីសាងសង់របងរំលោភចូលដីចំណីព្រែក ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រៃក្រោម ខណ្ឌមានជ័យ គ្មានលិខិតអនុញ្ញាតសាងសង់តាមបទដ្ឋានរដ្ឋបាលត្រឹមត្រូវ ពីសំណាក់រដ្ឋបាលខណ្ឌមានជ័យ នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានទំនាក់ទំនងទៅកាន់អ្នកសារព័ត៌មានតាមរយៈប្រព័ន្ធតេឡេក្រាម ដើម្បីសាកសួរ និងចោទសួរជុំវិញមូលហេតុនៃការចុះផ្សាយ។
ជាការឆ្លើយតបចំពោះការទាក់ទងរបស់លោកអភិបាលខណ្ឌ អ្នកសារព័ត៌មានបានបញ្ជាក់ជំហរ និងចម្ងល់ចំៗយ៉ាងដូច្នេះថា៖ យើងខ្ញុំមិនមានចម្ងល់អ្វីច្រើននោះទេ គឺគ្រាន់តែឆ្ងល់ថា ការស្នើសុំរបស់ម្ចាស់ដីដើម្បីសាងសង់របង គឺពិតជាមានមែន ប៉ុន្តែហេតុអ្វីបានជារដ្ឋបាលខណ្ឌមានជ័យ មិនទាន់បានចេញលិខិតអនុញ្ញាតឱ្យសាងសង់ជាផ្លូវការ ស្របតាមនីតិវិធីរដ្ឋបាលផង ស្រាប់តែម្ចាស់ដីហ៊ានសម្រុកធ្វើការសាងសង់របងរឹងមាំស្ទើរតែរួចរាល់ទាំងស្រុងទៅហើយបែបនេះ?
ជុំវិញការងឿងឆ្ងល់នេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបំភ្លឺទៅកាន់អ្នកសារព័ត៌មានទាំងបំពានការយល់ដឹងបែបបទរដ្ឋបាលថា៖ នៅក្នុងលិខិតស្នើសុំរបស់ម្ចាស់ដីនោះ លោកបានបញ្ជាក់ថា “បានឃើញ និងឯកភាព” ត្រង់ចំណុចនេះហើយដែលជាន័យបញ្ជាក់ថា គឺបានអនុញ្ញាតហើយ មិនបាច់ចេញលិខិតបញ្ជាក់អនុញ្ញាតឱ្យសាងសង់លក្ខណៈបែបបទរដ្ឋបាលនោះទៀតទេ!។
ការបកស្រាយបែបនេះ បានបង្កជាការសង្ស័យយ៉ាងខ្លាំងថា តើលោកអភិបាលខណ្ឌកំពុងព្យាយាមលាក់បាំង ឬការពារភាពមិនប្រក្រតី នៃការសាងសង់ខុសច្បាប់ដែរឬទេ?
ទន្ទឹមនឹងគ្នានេះដែរ លោកពូម្នាក់ដែលមានឈ្មោះជាអក្សរឡាតាំងថា {Hoeu Rong} ដែលអះអាងថាខ្លួនជាប្អូនប្រុសរបស់លោកស្រី ង៉ូវ ស៊ាងណៃ ជាម្ចាស់ដី បានបញ្ជូនឯកសារចំនួន ៣ សន្លឹកមកកាន់ប្រព័ន្ធតេឡេក្រាមរបស់អ្នកសារសារព័ត៌មាន រួមមាន៖ ប្លង់រឹង (សិទ្ធិកាន់កាប់ដី) ១ច្បាប់, លិខិតស្នើសុំសាងសង់របង ១ច្បាប់ និងលិខិតជារបាយការណ៍វាស់វែងដី ១ច្បាប់។ ប៉ុន្តែ ភាគីខាងម្ចាស់ដីរូបនេះ ហាក់ព្យាយាមគេចវេស ដោយពុំបានធ្វើការបកស្រាយបំភ្លឺលម្អិតជុំវិញបញ្ហាអង្កេត និងការសាងសង់របងរំលោភលើទីតាំងរសើបនោះឡើយ។
បន្ថែមពីលើនេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ក៏បានព្យាយាមការពារម្ចាស់ដី ដោយបញ្ជាក់បន្ថែមមកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេឌាថា៖ គាត់សាងសង់ត្រឹមត្រូវតាមប្លង់កម្មសិទ្ធិរបស់គាត់ ស្ពានសាងសង់ចូលមុខដីរបស់គាត់ប្រាំម៉ែត្រ មិនមែនគាត់សាងសង់រំលោភទេ។
ទោះជាយ៉ាងណា មហាជន បានលើកជាសំណួរដ៏ក្តៅគគុក និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីទាមទារការបំភ្លឺពីស្ថាប័នថ្នាក់លើ និងសមត្ថកិច្ចការពាក់ព័ន្ធដូចខាងក្រោម៖
១. តើគ្រាន់តែមានលិខិតស្នើសុំ និងការចារត្រឹម “បានឃើញ និងឯកភាព” ពីសំណាក់អភិបាលខណ្ឌ អាចជំនួសឱ្យលិខិតអនុញ្ញាតសាងសង់ជាផ្លូវការ និងអាចឱ្យម្ចាស់ដីធ្វើសកម្មភាពសាងសង់របងរឹងមាំទ្រង់ទ្រាយធំបានហើយឬទេ? ហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានព្យាយាមបកស្រាយបង្វែរបញ្ហាដើម្បីគេចវេសពីនីតិវិធីច្បាប់សំណង់?
២. បើការសាងសង់របងរឹងមាំស្ថិតនៅជាប់នឹងមុខកាត់ស្ពាន និងប៉ះពាល់ដល់ចំណីព្រែក តើត្រូវឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេស និងការផ្ដល់យោបល់ពីស្ថាប័នជំនាញណាខ្លះ? ក្រសួងទឹក ឬមន្ទីរជំនាញពាក់ព័ន្ធបានដឹងឮដែរឬទេ? ឬមួយក៏ការប្រើប្រាស់អំណាចបុគ្គលថ្នាក់ខណ្ឌអាចបិទបាំងការបំផ្លាញប្រព័ន្ធលំហូរទឹកធម្មជាតិបាន?
៣. តើការឆ្លើយតប និងឥរិយាបថរបស់អ្នកកាន់អំណាចលំដាប់ថ្នាក់រដ្ឋបាលខណ្ឌ ដែលឆ្លើយមកកាន់អ្នកសារព័ត៌មានក្នុងលក្ខណៈការពារបក្ខពួកបែបនេះ ត្រឹមត្រូវ និងសមស្របតាមក្រមសីលធម៌មន្ត្រីសាធារណៈដែរឬទេ?
បណ្ដាញសារព័ត៌មានពេញចិត្តមេឌាយើងខ្ញុំ គ្រាន់តែអនុវត្តតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គម ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោលការណ៍ស្វែងរកការពិតពីគ្រប់ភាគី និងការពារផលប្រយោជន៍សាធារណៈ។ យើងខ្ញុំនៅតែបន្តរង់ចាំការបំភ្លឺដោយសុចរិត ឬចំណាត់ការម៉ឺងម៉ាត់ពីសំណាក់ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ឬក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការគោរពច្បាប់ និងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានបន្តទៀត៕


