អាជ្ញាធរក្រុងតាខ្មៅ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារតាខ្មៅថ្មី! ឯអាជីវករទម្លាយថា មានបុគ្គលម្នាក់ប្រមូលលុយបើកដៃឱ្យលក់លើផ្លូវ

អាជ្ញាធរក្រុងតាខ្មៅ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារតាខ្មៅថ្មី! ឯអាជីវករទម្លាយថា មានបុគ្គលម្នាក់ប្រមូលលុយបើកដៃឱ្យលក់លើផ្លូវ

កណ្ដាល៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ លោក លីវ វណ្ណថេង អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក ពៅ គឹមលី អភិបាលរងក្រុង បានចុះរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃការលក់ដូរនៅតាមបណ្ដោយផ្លូវលេខ ២០២អា និងផ្លូវលេខ ២០៣ ជុំវិញផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន។

ប្រតិបត្តិការនេះ មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរសង្កាត់ដើមមៀន និងកម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលក្រុង ដើម្បីណែនាំ និងស្នើសុំយ៉ាងទទូចដល់បងប្អូនអាជីវករដែលកំពុងដាក់តាំងលក់ទំនិញ ឬសម្ភារៈរំលោភលើចំណីផ្លូវសាធារណៈ ឱ្យស្ម័គ្រចិត្តរុះរើ និងរៀបចំអីវ៉ាន់ចូលក្នុងទីតាំងកំណត់ឡើងវិញ ជៀសវាងការយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវធ្វើជាកន្លែងប្រកបអាជីវកម្មដែលបង្កការកកស្ទះ និងបាត់បង់សោភ័ណភាពក្រុង។

ទន្ទឹមនឹងចំណាត់ការស្ដារសណ្ដាប់ធ្នាប់របស់អាជ្ញាធរ ករណីនេះបានស្ដែងឱ្យឃើញពីឫសគល់នៃបញ្ហាសំខាន់មួយទៀត ដែលប្រជាពលរដ្ឋ និងអាជីវករបានលើកឡើង  ការទារប្រាក់ពីសំណាក់ម្ចាស់ផ្ទះនៅជាប់ផ្លូវបណ្ដោយឱ្យអាជីវករដាក់លក់នៅមុខផ្ទះជាថ្នូរប្រាក់ប្រចាំខែ និងមានបុគ្គលម្នាក់ប្រមូលលុយ។ បុគ្គលប្រមូលលុយទាំងនោះត្រូវបានគេរាយការណ៍ថា បានដើរប្រមូលលុយពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជាថ្នូរនឹងការបើកដៃ ឬសម្រួលឱ្យមានការលក់ដូរដោយគ្មានរៀបរយ ដែលទង្វើនេះមិនត្រឹមតែដាក់បន្ទុកហិរញ្ញវត្ថុបន្ថែមលើអាជីវករខ្នាតតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដើមហេតុចម្បងដែលធ្វើឱ្យបញ្ហារំលោភផ្លូវសាធារណៈកើតមានឡើងឥតឈប់ឈរ។

រដ្ឋបាលក្រុងតាខ្មៅបានបញ្ជាក់ថា ការចូលរួមសហការរៀបចំសណ្ដាប់ធ្នាប់ពីសំណាក់អាជីវករ គឺជាកត្តាចាំបាច់ក្នុងការថែរក្សាសោភ័ណភាពទីក្រុង ធានាសុវត្ថិភាពចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរទូទៅ។

យ៉ាងណាមិញ មហាជន និងអាជីវករក៏បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំផងដែរថា អាជ្ញាធរក្រុងតាខ្មៅ និងភាគីពាក់ព័ន្ធ នឹងមានវិធានការក្តៅបន្ថែមទៀតក្នុងការស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមប្រមូលលុយអនាធិបតេយ្យទាំងនោះ ដើម្បីលុបបំបាត់បញ្ហាពីឫសគល់ និងធានាបាននូវភាពយុត្តិធម៌ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈប្រកបដោយចីរភាព៕

Scroll to Top