រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភ និងសុំឱ្យអាជ្ញាធរដែនដី រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងរោងចក្រស្តុក និងផលិតបារីមួយកន្លែង ដែលកំពុងប្រតិបត្តិការនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារមានការសង្ស័យថា ទីតាំងមួយនេះអាចនឹងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវតាមបច្ចេកទេស និងបទដ្ឋានគតិយុត្ត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងតំបន់បានឱ្យដឹងថា សកម្មភាពស្តុក និងផលិតបារីនៅក្នុងទីតាំងខាងលើ បាននិងកំពុងដំណើរការយ៉ាងស្ងាត់ៗ ដែលបង្កឱ្យមានចម្ងល់ និងការសង្ស័យជាច្រើនជុំវិញភាពស្របច្បាប់នៃការបើកអាជីវកម្មនេះ។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើទីតាំងនេះគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពីក្រសួង-ស្ថាប័នជំនាញទេនោះ វាអាចបង្កជាហានិភ័យផ្សេងៗ ទាំងផ្នែកសុវត្ថិភាព អគ្គិភ័យ បញ្ហាបរិស្ថាន ក៏ដូចជាការបាត់បង់ចំណូលពន្ធរដ្ឋផងដែរ។
មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងរង់ចាំមើលចំណាត់ការ និងភាពសកម្មរបស់អាជ្ញាធរខណ្ឌដង្កោ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការចុះស្រាវជ្រាវ ស្វែងរកការពិត និងត្រួតពិនិត្យលើឯកសារច្បាប់ទម្លាប់ឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការសង្ស័យរបស់មហាជន។
ការឆ្លើយតបភ្លាមៗ និងការបំភ្លឺជាសាធារណៈពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មិនត្រឹមតែបង្ហាញពីតម្លាភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសបញ្ជាក់ពីការរឹតបន្តឹងច្បាប់ សំដៅការពារផលប្រយោជន៍រួម សុវត្ថិភាពសង្គម និងការប្រកួតប្រជែងអាជីវកម្មដោយស្មើភាពផងដែរ។
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំទទួលការបកស្រាយ ឬការបំភ្លឺគ្រប់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបច្បាស់ជាបន្តទៀត៕


