មេឆ្នោតវៀតណាមឈ្មោះ ផុន ទម្លាយថា «មិនមែនមានតែរូបលោកម្នាក់ឯងទេ» នៅឃុំព្រៃផ្ដៅ ដោយរំលេចឈ្មោះភាគីពាក់ព័ន្ធផ្សេងទៀត

មេឆ្នោតវៀតណាមឈ្មោះ ផុន ទម្លាយថា «មិនមែនមានតែរូបលោកម្នាក់ឯងទេ» នៅឃុំព្រៃផ្ដៅ ដោយរំលេចឈ្មោះភាគីពាក់ព័ន្ធផ្សេងទៀត

ខេត្តតាកែវ៖ ក្រោយពីមានការចុះផ្សាយ និងការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជនជុំវិញការរីករាលដាលនៃល្បែងស៊ីសងខុសច្បាប់ (ឆ្នោតកន្ទុយលេខវៀតណាម) នៅក្នុងមូលដ្ឋាន លោក ផុន ដែលរងការចោទប្រកាន់ថាជាមេឆ្នោតប្រចាំឃុំព្រៃផ្ដៅ បានចេញមុខមកបំភ្លឺ និងទម្លាយការណ៍ពិតប្រាប់អង្គភាពសារព័ត៌មាន «ពេញចិត្តមេឌា»។

តាមរយៈការឆ្លើយតបជាមួយអ្នកសារព័ត៌មាន លោក ផុន បានអះអាងថា នៅតំបន់ផ្សារសៃវា និងក្នុងឃុំព្រៃផ្ដៅ ទាំងមូល គឺពុំមែនមានតែរូបលោកម្នាក់ឯងនោះទេដែលបើកភ្នាក់ងារ និងធ្វើជាមេឆ្នោតកន្ទុយលេខវៀតណាមនេះ។

បន្ថែមពីនេះ លោក ផុន បានចង្អុលបង្ហាញចំឈ្មោះបុគ្គលពីររូបទៀត ដែលកំពុងដំណើរការអាជីវកម្មល្បែងខុសច្បាប់នេះយ៉ាងសកម្មដូចគ្នា រួមមាន៖

១. ឈ្មោះ វុធ៖ ជាអ្នកលក់បាយ មានទីតាំងស្ថិតនៅខាងលិចផ្សារសេវា។

២. ឈ្មោះ ក្រាម (បងក្រាម)៖ មានទីតាំងស្ថិតនៅចំទល់មុខសាលាឃុំព្រៃផ្ដៅតែម្តង។

ការចេញមុខទម្លាយព័ត៌មានពីសំណាក់លោក ផុន នេះ ត្រូវគេមើលឃើញថាជាតម្រុយថ្មីមួយ ដែលបង្ហាញថាបណ្ដាញល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខវៀតណាមកំពុងរីករាលដាល និងមានភាគីពាក់ព័ន្ធជាច្រើននាក់ទៀតនៅក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ អង្គភាពសារព័ត៌មាន «ពេញចិត្តមេឌា» មិនទាន់អាចស្វែងរកការបកស្រាយផ្ទាល់ពីលោក វុធ និងលោក ក្រាម បាននៅឡើយទេ ដោយសារពុំទាន់មានលេខទូរស័ព្ទទំនាក់ទំនង។ ទោះជាយ៉ាងណា ស្ថាប័នព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយ ឬបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាក្នុងឃុំព្រៃផ្ដៅ កំពុងទទូចស្នើដល់អាជ្ញាធរដែនដី ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានហ្មត់ចត់ និងស្មើភាពគ្នា ចំពោះរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដើម្បីធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនសង្គមជាតិ៕

Scroll to Top