កណ្ដាល៖៖ ផ្លូវបេតុងអាមេមួយខ្សែ ដែលស្ថាបនាជាច្រើនឆ្នាំ ភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារព្រៃទទឹង រហូតដល់ភូមិក្រាំងតី ត្រូវគេប្រទះឃើញទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រហូតលយសរសៃដែកចេញមកក្រៅ និងបាក់ស្រុតជាច្រើនកន្លែង ដោយសារសកម្មភាពរថយន្តដឹកជញ្ជូនដី និងខ្សាច់ របស់ក្រុមហ៊ុនឆេង យី, ក្រុមហ៊ុនគឹម សុខគាំ, ក្រុមហ៊ុនឃ្លាំង ចំរើន, ក្រុមហ៊ុនរ៉ង រ៉ា បើកបរឆ្លងកាត់លើសទម្ងន់កំណត់។
ហេតុការណ៍នេះ បានបង្ខំឱ្យថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរដែនដី ចុះអន្តរាគមន៍ត្រួតពិនិត្យផ្ទាល់ដល់ទីតាំងភ្លាមៗ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្វែងរកដំណោះស្រាយបន្ទាន់ និងការពារសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រតិភូចុះពិនិត្យទីតាំងជាក់ស្តែង ដឹកនាំដោយលោក ចាប ច័ន្ទវិទ្យា និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំងក្រុមការងារបច្ចេកទេសការិយាល័យផ្លូវជនបទ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុកកណ្ដាលស្ទឹង អាជ្ញាធរឃុំ-ភូមិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
យោងតាមការបញ្ជាក់ពី លោក ចាប ច័ន្ទវិទ្យា បានឱ្យដឹងថា ខ្សែផ្លូវបេតុងដែលកំពុងរងការខូចខាតនេះ មានប្រវែងសរុប ៥,៣០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ដែលជាអំណោយផលយ៉ាងសំខាន់ក្នុងការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន ដើមឡើយត្រូវស្ថាបនាឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ក្រោមគម្រោងថវិកាជំពូក២១ ជាពហុឆ្នាំ (២០១៩-២០២១) ដោយឆ្លងកាត់ឃុំត្រពាំងវែង និងឃុំថ្មី ស្រុកកណ្ដាលស្ទឹង។
ដើម្បីឆ្លើយតបចំពោះមុខ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដល់អ្នកធ្វើដំំណើរ លោកអភិបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការកាត់សរសៃដែកដែលលយចេញពីផ្ទៃបេតុងបាក់បែកនោះចោលជាប្រញាប់ និងនាំយកថ្មមកចាក់លុបបំពេញតាមក្រឡុក ដើម្បីសម្រួលការធ្វើចរាចរណ៍បណ្ដោះអាសន្ន។
រដ្ឋបាលស្រុកកណ្ដាលស្ទឹង បានប្ដេជ្ញាចិត្តរៀបចំផែនការស្តារ និងកែសម្រួលជួសជុលឡើងវិញឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នៅពេលអាកាសធាតុផុតរដូវវស្សាខាងមុខនេះ ដើម្បីធានាបាននូវការប្រើប្រាស់បានយូរអង្វែង។
ករណីនេះបានដាស់តឿនជាថ្មីម្ដងទៀតអំពីបញ្ហាប្រឈមរវាងការដឹកជញ្ជូនធុនធ្ងន់ និងកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលទាមទារឱ្យមានការរឹតបន្តឹងច្បាប់ចរាចរណ៍ និងការត្រួតពិនិត្យទម្ងន់រថយន្តដឹកដី-ខ្សាច់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកាត់បន្ថយការខូចខាតថវិកាជាតិ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងតំបន់៕


