ខេត្តកំពង់ចាម៖ ថ្មីៗនេះ មានករណីលេចធ្លាយអាជីវកម្មចងការប្រាក់ និងទទួលបញ្ចាំមួយកន្លែង ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងដំណើរការសកម្មភាពដោយពុំទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នជំនាញនៅឡើយ។ យ៉ាងណាមិញ កម្លាំងនគរបាលស្រុកស្រីសន្ធរ សហការជាមួយស្ថាប័នជំនាញ បានចុះត្រួតពិនិត្យទីតាំងនោះរួចរាល់ហើយ។
មន្ត្រីជំនាញស្រុកស្រីសន្ធរបានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំយ៉ាម បានចុះត្រួតពិនិត្យអាជ្ញាប័ណ្ណទីតាំងទទួលបញ្ចាំ និងប្រាក់កម្ចីនៅផ្ទះរបស់ឈ្មោះ ស្បោង គន្ធា ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជាលទ្ធផល កម្លាំងជំនាញបានពិនិត្យឃើញថា អាជីវកម្មទទួលបញ្ចាំ និងប្រាក់កម្ចីនេះ ពុំទាន់មានអាជ្ញាប័ណ្ណនៅឡើយទេ ដោយមានត្រឹមតែលិខិតស្នើសុំធ្វើអាជ្ញាប័ណ្ណសហគ្រាសកម្ចី និងបញ្ចាំ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប៉ុណ្ណោះ។
ផ្អែកតាមការបំភ្លឺពីឈ្មោះ ស្បោង គន្ធា ភេទស្រី អាយុ ៤៥ឆ្នាំ បានឱ្យដឹងថា នៅឆ្នាំ២០១៥ ខ្លួនបានចាប់ផ្តើមប្រកបមុខរបរចងការប្រាក់បន្តិចបន្តួចនៅក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយក្នុងម្នាក់ៗអាចខ្ចីបានយ៉ាងច្រើនត្រឹម ១លានរៀល ហើយការចងការប្រាក់នោះគឺធ្វើឡើងតែនៅក្នុងឃុំប្រាំយ៉ាមប៉ុណ្ណោះ។ ដោយមានការណែនាំពីអាជ្ញាធរមូលដ្ឋានឱ្យធ្វើអាជ្ញាប័ណ្ណអាជីវកម្មឱ្យបានត្រឹមត្រូវ ពេលនោះខ្លួនក៏បានទៅធ្វើពាក្យស្នើសុំអាជ្ញាប័ណ្ណនៅខេត្តកំពង់ចាម។
ដំណើរការចេះតែទៅមុខ លោកស្រីមានបុគ្គលិកចំនួន ៣នាក់ ដើរដាក់ប្រាក់កម្ចីរហូតដល់ឃុំផ្សេងៗទៀត។ ការដាក់ប្រាក់កម្ចីខាងលើគឺកំណត់អត្រាការប្រាក់តាមការណែនាំនៃការស្នើសុំអាជ្ញាប័ណ្ណ គឺយក ១.៥% ក្នុងមួយខែ ក្នុង ១០០ដុល្លារ តែប៉ុណ្ណោះ ដោយមិនបានទទួលបញ្ចាំនោះឡើយ។ ព្រោះតែមិនទាន់មានអាជ្ញាប័ណ្ណពេញលេញសម្រាប់ការឱ្យខ្ចីខាងលើ លោកស្រី ស្បោង គន្ធា តម្រូវឱ្យអ្នកកម្ចីថតចម្លងអត្តសញ្ញាណប័ណ្ណចំនួន ១សន្លឹក និងអ្នកធានាថតចម្លងអត្តសញ្ញាណប័ណ្ណចំនួន ១សន្លឹកដូចគ្នា។
ផ្អែកតាមការស្រាវជ្រាវ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន នឹងបន្តស្រាវជ្រាវស្វែងរកអតិថិជនដែលបានកម្ចីប្រាក់ពីឈ្មោះ ស្បោង គន្ធា ដើម្បីធ្វើការសាកសួរបន្ថែម និងផ្ទៀងផ្ទាត់ជាមួយការបំភ្លឺរបស់ឈ្មោះ ស្បោង គន្ធា ក្នុងគោលបំណងបង្ហាញភាពត្រឹមត្រូវទាំងសងខាង៕


