ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ដោយមានការអមដំណើរយ៉ាងខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បេសកកម្មចុះពិនិត្យនេះ ធ្វើឡើងក្រោមការអនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) គម្រោងទី១ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រអូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ដំណើរចុះពិនិត្យនាឱកាសនេះ មានគោលបំណងតាមដាន និងវាយតម្លៃលើស្ថានភាពជាក់ស្តែងនៃទីតាំងដីសម្បទានសង្គមកិច្ច ដើម្បីធានាថាការរៀបចំ និងការបែងចែកដីជូនប្រជាពលរដ្ឋទទួលបានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងការពារធនធានព្រៃឈើប្រកបដោយចីរភាព៕


