ខេត្តកណ្តាល៖ យុទ្ធនាការរយៈពេលខ្លីរបស់រដ្ឋបាលខេត្តកណ្តាល កាលពីប៉ុន្មានខែមុន បានធ្វើឱ្យដងផ្លូវមានភាពស្រឡះល្អ ជាពិសេសនៅបរិវេណជុំវិញផ្សារតាខ្មៅចាស់ ដែលទទួលបានការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់ៗគ្នា។ ប៉ុន្តែ ថ្មីៗនេះ សកម្មភាពនៃការចេញមកលក់ដូរលើចិញ្ចើមផ្លូវហាក់ដូចជាបានកើតឡើងវិញ ដែលទាមទារឱ្យលោក លីវ វណ្ណថេង អភិបាលក្រុងតាខ្មៅ ដែលទើបចូលកាន់តំណែងថ្មី ចាត់វិធានការឱ្យបានទាន់ពេលវេលាបន្ថែមទៀត។
នៅលើកំណាត់ផ្លូវលេខ ១០៥ ផ្លូវលេខ ១០៦ និងផ្លូវលេខ ២០៥ សកម្មភាពមមាញឹកនៃការលក់ដូរតាមចិញ្ចើមផ្លូវកំពុងតែកើតមានឡើងវិញ។ កន្លែងខ្លះ ទោះបីជាលក់ដូរនៅក្នុងផ្ទះក៏ពិតមែន ប៉ុន្តែគ្មានកន្លែងចតរថយន្ត ឬម៉ូតូសម្រាប់អតិថិជននោះទេ។ អាជីវករមួយចំនួនបានដាក់តាំងទំនិញនៅលើចិញ្ចើមផ្លូវ ហើយពេលមានអតិថិជនមកទិញ គឺត្រូវចតរថយន្ត ឬម៉ូតូនៅលើទ្រូងផ្លូវផ្ទាល់តែម្ដង ដែលករណីនេះកើតមានស្ទើរគ្រប់តូប និងគ្រប់ផ្ទះនៅលើកំណាត់ផ្លូវទាំងនោះ។
ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល ដែលបានបើកយុទ្ធនាការរំដោះចិញ្ចើមផ្លូវក្នុងក្រុងតាខ្មៅប្រកបដោយជោគជ័យ។ ប៉ុន្តែ បច្ចុប្បន្ន ស្ថានភាពដំបូងនេះកំពុងវិលមករកសភាពដើមបន្តិចម្តងៗតាមរយៈការលក់ដូរលយចូលមកលើចិញ្ចើមផ្លូវ និងការខ្វះខាតទីតាំងចំណតសម្រាប់អតិថិជន។ ទិដ្ឋភាពបែបនេះកំពុងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាមទារឱ្យមានវិធានការដោះស្រាយជាបន្ទាន់។
មហាជនអ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ទទូចស្នើសុំឱ្យលោក លីវ វណ្ណថេង អភិបាលក្រុងតាខ្មៅថ្មី ចាត់វិធានការឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការលក់ដូររំលោភលើចិញ្ចើមផ្លូវ។ ប្រសិនបើពុំមានចំណាត់ការទាន់ពេលវេលាទេនោះ សកម្មភាពអាណាធិបតេយ្យនៃការលក់ដូរនេះ នឹងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងទីក្រុង ហើយវាកាន់តែរីករាលដាលខ្លាំង និងលំបាកក្នុងការរៀបចំទៅថ្ងៃមុខថែមទៀត៕


