ខេត្តកណ្ដាល៖ ក្រោយពីបានបើកការស៊ើបសួរនិងបំពេញនីតិវិធីអស់រយៈពេលជាច្រើនថ្ងៃ ស្ថាប័នអយ្យការ និងចៅក្រមសើបសួរសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្នលើជនសង្ស័យជាវេជ្ជបណ្ឌិតម្នាក់ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា»។
ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ បានធ្វើការចោទប្រកាន់ផ្លូវការ និងបញ្ជូនសំណុំរឿងទៅកាន់លោក គី ទីម៉េង ចៅក្រមសើបសួរ ដើម្បីសម្រេចតាមនិតិវិធីច្បាប់។
យោងតាមការបញ្ជាក់ពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃុំខ្លួនមានឈ្មោះ ជា រតនា ជាវេជ្ជបណ្ឌិត និងជាម្ចាស់គ្លីនិកឯកជនមួយកន្លែងស្ថិតនៅស្រុកកៀនស្វាយ។ ជនសង្ស័យរូបនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តតាមបញ្ញត្តិ មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។
គួររំឭកផងដែរថា ហេតុការណ៍ប្រើប្រាស់ហិង្សានេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយលោកវេជ្ជបណ្ឌិតរូបនេះបានធ្វើសកម្មភាព វាយដំទៅលើស្រ្តីរងគ្រោះ (ជាសង្សារ) បណ្តាលឱ្យរងរបួស។
ក្រោយពីទទួលបានបណ្តឹង និងមានការស្រាវជ្រាវ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាបន្ទាន់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់ មុននឹងឈានដល់ការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃនេះ៕


