អាជ្ញាធរខណ្ឌដង្កោ ចុះអន្តរាគមន៍កាយសំរាមចេញពីបុរីកួរស្រូវ២ ក្រោយរងការរិះគន់ និងត្រៀមចាត់វិធានការក្តៅពិន័យលើម្ចាស់បុរី

អាជ្ញាធរខណ្ឌដង្កោ ចុះអន្តរាគមន៍កាយសំរាមចេញពីបុរីកួរស្រូវ២ ក្រោយរងការរិះគន់ និងត្រៀមចាត់វិធានការក្តៅពិន័យលើម្ចាស់បុរី

រាជធានីភ្នំពេញ៖ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់អង្គភាព «សារព័ត៌មានពេញចិត្តមេឌា» ជុំវិញបញ្ហាក្លិនស្អុយ និងគំនរសំរាមអនាធិបតេយ្យនៅតាមបណ្តោយផ្លូវបេតុង និងដីឡូតិ៍ក្នុងបុរីកួរស្រូវ២ (ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ) នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ អាជ្ញាធរខណ្ឌដង្កោ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មីស៊ូដា (Misuda) បានចុះអន្តរាគមន៍កាយ និងដឹកជញ្ជូនសំរាមចេញពីទីតាំងខាងលើបានចំនួន ៥រថយន្ត។

ការចុះសម្រួល និងអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ដោយបានបញ្ជូនគ្រឿងចក្រត្រាក់ទ័រ ១គ្រឿង និងរថយន្តដឹកសំរាម ២គ្រឿង ដើម្បីកាយសម្អាតទីតាំងចោលសំរាមខុសច្បាប់នោះ។

លោក ហ៊ាង ញ៉ អនុប្រធានការិយាល័យសាធារណការ និងអនាម័យបរិស្ថានខណ្ឌដង្កោ បានឱ្យដឹងថា សំរាមដែលយកមកបោះចោលពាសវាលពាសកាលនេះ គឺជារបស់ខាងភាគីបុរីកួរស្រូវ២ ដោយពួកគេបានយកមកចោលដោយសំអាងថាជាទីតាំងដីរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរមិនអនុញ្ញាតឱ្យភាគីបុរីបន្តសកម្មភាពបែបនេះតទៅទៀតឡើយ។

លោកបានបន្ថែមថា សូម្បីតែនៅព្រឹកថ្ងៃដដែលនេះ រ៉ឺម៉កដឹកសំរាមរបស់ក្រុមហ៊ុនបុរីកួរស្រូវ២ នៅតែបន្តយកសំរាមមកចោលដដែល ប៉ុន្តែត្រូវកម្លាំងសង្កាត់ប្រទះឃើញ និងថតរូបទុកជាភស្តុតាង ហើយបានហាមឃាត់មិនឱ្យចាក់ឡើយ។ លោកបានបញ្ជាក់ធ្ងន់ៗថា ប្រសិនប្រទះឃើញសកម្មភាពនេះផ្ទាល់ភ្នែក លោកនឹងចាប់បង្វែរយកទៅចាត់ការនៅសាលាខណ្ឌភ្លាមៗ។

ជុំវិញការខកខានប្រមូលសំរាមកន្លងមក លោកអនុប្រធានការិយាល័យបានពន្យល់ថា ក្រុមហ៊ុនប្រមូលសំរាម មីស៊ូដា (Misuda) ពុំបានដឹងពីព្រំប្រទល់ប្រមូលសំរាមច្បាស់លាស់នៅតំបន់នោះ ទើបតែខាងអាជ្ញាធរសង្កាត់ជួយណែនាំ និងបញ្ជាក់ប្រាប់នាពេលថ្មីៗនេះ។

ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតមានឡើងជាថ្មី លោក ហ៊ាង ញ៉ បានចាត់ឱ្យអាជ្ញាធរសង្កាត់៖

រៀបចំចងខ្សែ និងដាក់ផ្លាកហាមឃាត់ការចាក់សំរាមនៅទីតាំងនោះ។

ដាក់កម្លាំងប្រជាការពារភូមិ-សង្កាត់ ឱ្យនៅយាមល្បាតជាប្រចាំ។

ចុះណែនាំ និងរៀបចំ វិធានការផាកពិន័យលើម្ចាស់បុរីកួរស្រូវ២ តាមអនុក្រឹត្យលេខ ១១៣ ដែលកំណត់ប្រាក់ពិន័យចាប់ពី ១០ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ឬអាចឈានដល់ ១លានរៀល ដោយសារតែកាកសំណល់ទាំងនោះមានលាយឡំជាមួយសំណល់ឧស្សាហកម្ម។

បច្ចុប្បន្ន វិធានការផាកពិន័យលើភាគីម្ចាស់បុរីកួរស្រូវ២ ស្ថិតក្នុងដំណាក់កាលរង់ចាំការណែនាំ និងសម្រេចចុងក្រោយពី លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕

 

Scroll to Top