ខេត្តកណ្ដាល៖ នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង ដែលទើបតែទទួលតំណែងថ្មីៗសើមៗហ៊ុយៗ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអំពៅព្រៃ ព្រមទាំងបន្តពិនិត្យវឌ្ឍនភាព ការងារសាងសង់ផ្លូវបេតុងអាមេ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៦ ស្ថិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សកម្មភាពចុះដល់ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងបែបនេះ ត្រូវបានមើលឃើញថាជាការបោះជំហានដំបូងបង្ហាញពីស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ប៉ុន្តែ ទន្ទឹមនឹងភាពសកម្មនាប៉ុន្មានថ្ងៃដំបូងនេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្ដាលស្ទឹងទូទាំងមូលដ្ឋាន កំពុងតែសម្លឹងមើលដោយក្រសែភ្នែករង់ចាំមើលផ្លែផ្កាពិតប្រាកដ ហើយសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពនេះមិនមែនគ្រាន់តែជា «រូបភាពលម្អទំព័រហ្វេសប៊ុក» ឬ «ធ្វើឱ្យតែល្អមើលពេលទើបឡើងតំណែង» នោះឡើយ។
ប្រជាពលរដ្ឋបានលើកឡើង និងរំលឹកជាចំហថា បញ្ហាប្រឈមរ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងស្រុកកណ្ដាលស្ទឹង ដែលអភិបាលស្រុកមុនៗហាក់ដូចជា «មើលរំលង» ឬ «កាយមិនដល់» នោះ គឺជាសាក្សីស្ងៀមស្ងាត់រង់ចាំថ្វីដៃអភិបាលស្រុកថ្មីរូបនេះមកដោះស្រាយ រួមមាន៖
១. ការដ្ឋានរណ្ដៅដី ការដ្ឋានលាងខ្សាច់ប្រៃ ឡានដឹកដីធំៗ បើកបរលើសទម្ងន់ ជិះបុកដីហុយទ្រលោម បំផ្លាញផ្លូវក្នុងស្រុកស្ទើរគ្រប់ខ្សែឱ្យខូចខាតខ្ទេចខ្ទី ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ! តើអភិបាលស្រុកថ្មី មានសេចក្តីក្លាហានហ៊ានចាត់ការក្រុមអាជីវកម្មទាំងនេះ ឬត្រូវឱនក្បាលតាមសម្ពាធ?
២. ការរីកដុះដាលដូចផ្សិតនៃសំណង់លំនៅឋាន សំណង់បន្ទប់ជួល និងស្ថានីយប្រេងឥន្ធនៈគ្មានច្បាប់ទម្លាប់ ដែលប្រឈមនឹងគ្រោះថ្នាក់ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ! តើនឹងត្រូវរឹតបន្តឹងច្បាប់ឱ្យស្មើភាពគ្នា ឬនៅតែបន្ត «បើកភ្នែកម្ខាង បិទភ្នែកម្ខាង»?
៣. ការគ្រប់គ្រងរៀបចំដែនដី សុវត្ថិភាព និងភាពស្អាតស្អំក្នុងមូលដ្ឋានដែលនៅមានកម្រិត។
មហាជននៅក្នុងស្រុកកណ្ដាលស្ទឹងបានបញ្ជាក់ថា ពួកគាត់មិនត្រូវការការសន្យាខ្យល់ ឬការចុះថតរូបបង្ហាញសកម្មភាពតែមួយឆាវនោះទេ។ «បើស្រឡាញ់រាស្ត្រ បើចង់បានកេរ្តិ៍ឈ្មោះល្អ ត្រូវហ៊ានបោសសម្អាតបញ្ហាពុករលួយ និងភាពអនាធិបតេយ្យក្នុងមូលដ្ឋានឱ្យអស់!»។
ប្រជាពលរដ្ឋសង្ឃឹមថាកម្លាំងថាមពល «ទើបកាន់តំណែងថ្មី» របស់លោក ចាប ច័ន្ទវិទ្យា នឹងក្លាយជាអាវុធដ៏ស្រួចស្រាវ ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត គ្មានការយោគយល់ ដើម្បីផ្លាស់ប្តូរស្រុកកណ្ដាលស្ទឹងឱ្យមានសណ្ដាប់ធ្នាប់ល្អ បរិស្ថានស្អាត និងមានការអភិវឌ្ឍពិតប្រាកដ ប្រកបដោយចីរភាពជាប្រយោជន៍ដល់ប្រជារាស្ត្រទូទៅ៕


