ខេត្តតាកែវ៖ នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកងកម្លាំងផ្ទាល់ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ (Online) ចំនួន ១ កន្លែង ដែលលួចលាក់បង្កប់ស៊ីប្រាក់យ៉ាងសកម្ម ស្ថិតនៅក្នុងភូមិព្រៃជប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែងនេះ កងកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ចំនួន ០១ គ្រឿង និងម៉ូតូ ចំនួន ០១ គ្រឿង។
បច្ចុប្បន្ន វត្ថុតាងទាំងនេះត្រូវបានសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ជុំវិញចំណាត់ការក្តៅគគុក និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបាទីទាំងមូល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងដើរតួជាក្បាលម៉ាស៊ីនយ៉ាងសកម្មក្នុងការប្រឆាំង និងចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
យ៉ាងណាមិញ ស្របពេលជាមួយនឹងការសរសើរចំពោះលោកអភិបាលស្រុក មហាជន និងប្រជាពលរដ្ឋក៏បានសម្តែងនូវការខកចិត្ត និងលើកជាចម្ងល់យ៉ាងក្តៅគគុក ព្រមទាំងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើ លោក មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី ដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ។ ពលរដ្ឋបានរិះគន់ចំៗថា ចាប់តាំងពីលោកអធិការថ្មីឡើងមកកាន់តំណែង គេមិនដែលឃើញមានការផ្តួចផ្តើម ឬដឹកនាំកម្លាំងប៉ូលីសចុះបង្ក្រាបបទល្មើសល្បែងស៊ីសងឡើយ ដោយឃើញតែលោកអភិបាលស្រុកជាអ្នកចេញមុខដឹកនាំរហូត។
ករណីនេះ បានធ្វើឲ្យមហាជនដាក់ការសង្ស័យ និងចោទសួរថា «តើទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ជាឆ្នាំងបាយរបស់លោកអធិការស្រុកថ្មី ឬយ៉ាងណា? ទើបបានជាសម្ងំស្ងៀមមិនព្រមចាត់កម្លាំងនគរបាលចុះបង្ក្រាបបែបនេះ?»
ប្រជាពលរដ្ឋស្នើសុំឱ្យថ្នាក់ដឹកនាំខេត្តតាកែវ និងអគ្គស្នងការដ្ឋាននគរបាលជាតិ មេត្តាជួយពិនិត្យមើលសកម្មភាព និងការទទួលខុសត្រូវរបស់លោកអធិការនគរបាលស្រុកបាទីថ្មីរូបនេះផង ដើម្បីកុំឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើកងកម្លាំងនគរបាលការពារសន្តិសុខជូនស្រុក៕


