ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ព្រមទាំងក្រុមគ្រួសារ បានដឹកនាំមន្ត្រីរាជការ និងកងម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមយ៉ាងច្រើនកុះករក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងកាយវិការគោរពប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនា លោកស្នងការ និងលោកស្រី ព្រមទាំងកងម្លាំងនគរបាលខេត្ត បានរួមគ្នានាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនជូនដល់ព្រះសង្ឃដែលគង់ចាំវស្សា ព្រមទាំងបានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងអតីតយុទ្ធជនដែលបានលាចាកលោក ព្រមទាំងបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ និងកងម្លាំងទាំងអស់ក្នុងខេត្តកណ្តាល។
សកម្មភាពនេះ មិនត្រឹមតែជាការចូលរួមថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពស្និទ្ធស្នាល សាមគ្គីភាព និងទំនាក់ទំនងយ៉ាងជិតសិទ្ធរវាងកងម្លាំងនគរបាល និងប្រជាពុទ្ធបរិស័ទ ក្នុងមូលដ្ឋានផងដែរ៕


