ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងមួយបានកើតឡើង កាលពីវេលាម៉ោង ០២:១០ នាទីរំលងអធ្រាត្រ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ ២១A ចំណុចខាងមុខហាង “ពេលវេលា” ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានបណ្តាលឱ្យអ្នកបើកបរម៉ូតូទាំងពីរខាងស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Honda Dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CK-7495 (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) បើកបរដោយឈ្មោះ សេត បូណារ៉ុង ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាអង្គរក្ស មានទីលំនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកទង្គិចគ្នាយ៉ាងពេញទំហឹងជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក Suzuki Nex ពណ៌ខ្មៅ គ្មានផ្លាកលេខ (មិនពាក់មួកសុវត្ថិភាព មានកញ្ចក់) បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ (អាយុប្រហែល ២៥ ឆ្នាំ) ដែលកំពុងបើកបរក្នុងទិសដៅច្រាសទិសគ្នាពីជើងទៅត្បូង។
ហេតុការណ៍ទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនេះ បានបណ្តាលឱ្យអ្នកបើកបរទាំង២រូប ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងខូចខាតម៉ូតូទាំងពីរគ្រឿងយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានប្រគល់សពឈ្មោះ សេត បូណារ៉ុង ទៅឱ្យប្រធាន/មេកើយរបស់គាត់ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក សពអ្នកបើកបរម៉ូតូ Suzuki Nex ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ ចំពោះវត្ថុតាងម៉ូតូទាំង ២ គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីច្បាប់។
ពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា មូលហេតុចម្បងនៃគ្រោះថ្នាក់នេះ ភាគច្រើនបណ្តាលមកពីអ្នកបើកបរទាំងសងខាងបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ យ៉ាងណាមិញ កត្តារួមផ្សំដ៏គ្រោះថ្នាក់បំផុតនោះ គឺស្ថានភាពផ្លូវដែលមានជម្រកគ្រលុក និងការទុកដាក់គ្រឿងចក្រ (រ៉ូឡូកិនថ្ម) ចោលនៅលើចិញ្ចើមផ្លូវ ដោយគ្មានការរៀបចំដាក់ស្លាកសញ្ញាព្រមាន ឬភ្លើងសញ្ញាសុវត្ថិភាពឱ្យបានត្រឹមត្រូវពីសំណាក់ក្រុមហ៊ុនទទួលការរៀបចំបណ្តាញប្រព័ន្ធលូចម្រោះទឹកស្អុយក្នុងក្រុងតាខ្មៅនោះឡើយ។
ជុំវិញករណីនេះ លោក ជ្រា ថាវរិទ្ធ ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃនេះថា គ្រឿងចក្ររ៉ូឡូកិនថ្នល់ដែលចតចោលនៅលើផ្លូវ ដោយគ្មានការទុកដាក់ឱ្យមានសុវត្ថិភាពនោះ ពិតជារបស់ក្រុមហ៊ុនទទួលការម៉ៅការរៀបចំប្រព័ន្ធបណ្តាញលូចម្រោះទឹកស្អុយក្រុងតាខ្មៅប្រាកដមែន។
លោកបន្តទៀតថាមន្ទីរតែងតែជំរុញឱ្យពង្រឹងសុវត្ថិភាពការដ្ឋាន និងពន្លឿនការជួសជុលផ្លូវឡើងវិញភ្លាមៗ (ទាំងផ្លូវបេតុង និងការរៀបចំអ៊ុតកៅស៊ូ) នៅត្រង់ចំណុចដែលកប់ទុយោរួចរាល់។ ក្នុងនាមជាអាជ្ញាធរដែនដី និងជាមន្ទីរសាម៉ីក្នុងគម្រោងអន្តរជាតិនេះ មន្ទីរទទួលខុសត្រូវលើការតាមដាន សម្របសម្រួល និងដោះស្រាយផលប៉ះពាល់ ដោយពុំមែនជាបន្ទុករបស់មន្ទីរសាធារណការឡើយ។
មរណភាពរបស់អ្នកបើកបរទាំង ២ រូបនេះ បានចោទជាសំនួរយ៉ាងក្តៅគគុកពីមហាជន ចំពោះការទទួលខុសត្រូវ និងការធ្វេសប្រហែសរបស់ក្រុមហ៊ុនម៉ៅការសំណង់ ក៏ដូចជា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលជាអាជ្ញាធរគ្រប់គ្រង និងត្រួតពិនិត្យគម្រោង។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅ បានសម្តែងការខឹងសម្បារ និងសំណូមពរយ៉ាងទទូចឱ្យ៖
១. ក្រុមហ៊ុនម៉ៅការប្រព័ន្ធលូ ត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការដ្ឋានរបស់ខ្លួន ដោយត្រូវរៀបចំដាក់ផ្លាកសញ្ញាព្រមាន ភ្លើងសញ្ញាសុវត្ថិភាពនៅពេលយប់ និងរៀបចំទុកដាក់គ្រឿងចក្រឱ្យមានរបៀបរៀបរយ ចៀសវាងការយកទ្រូងផ្លូវ ឬចិញ្ចើមផ្លូវធ្វើជាកន្លែងចតគ្រឿងចក្រ ដែលបង្កជាអន្ទាក់សម្លាប់ជីវិតប្រជាពលរដ្ឋបែបនេះបន្តទៀត។
២. មន្ទីរសាធារណការ និងអាជ្ញាធរខេត្តកណ្តាល ត្រូវតែមានវិធានការក្តៅ និងផាកពិន័យ ឬចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនទទួលការទាំងឡាយណាដែលខ្វះការទទួលខុសត្រូវ ព្រមទាំងចុះត្រួតពិនិត្យការដ្ឋាននានាក្នុងក្រុងតាខ្មៅឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ៕
«គ្រោះថ្នាក់ចរាចរណ៍ អាចការពារបាន ប្រសិនបើ យើងទាំងអស់គ្នា បើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ និងយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក!»


