កណ្តាល៖ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងមានការចូលរួមយ៉ាងសកម្មពីសំណាក់ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ព្រមទាំងសមាជិក-សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
តាមប្រភពព័ត៌មានពីរដ្ឋបាលក្រុងបានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗពីរ៖
១. ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដើម្បីជួយឱ្យអាជ្ញាធរ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ លិខិតបទដ្ឋាន ព្រមទាំងបទបញ្ជាផ្សេងៗ សំដៅបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានទំនុកចិត្ត។
២. ត្រៀមរៀបចំកិច្ចប្រជុំលើកបន្ទាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈចាំបាច់នានា ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាក្រុង ដែលនឹងប្រព្រឹត្តទៅនាខែបន្ទាប់។
អង្គប្រជុំបានប្រព្រឹត្តទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្រុងអរិយក្សត្រឱ្យកាន់តែមានការរីកចម្រើនជាលំដាប់៕


