ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានសម្តែងការក្តៅក្រហាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់សុខភាពសាធារណៈ ដោយសារក្លិនស្អុយលាមក និងទឹកនោមគោចេញពីរោងចិញ្ចឹមគោមួយកន្លែង ដែលសង់នៅជិតផ្ទះរបស់ពួកគាត់អស់រយៈពេលជាងមួយសប្តាហ៍មកហើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់រស់នៅទីនេះដោយសុខសាន្តច្រើនឆ្នាំមកហើយ មិនដែលជួបបញ្ហាអ្វីឡើយ។ ប៉ុន្តែទើបតែពេលថ្មីៗនេះ មានបុគ្គលម្នាក់បានទិញដីចំនួនពីរឡូតិ៍រួចសង់រោងចិញ្ចឹមគោនៅទីប្រជុំជនដែលមានខ្នងផ្ទះប្រជាជនរស់នៅកោះករ ដោយមិនបានគិតគូរ ឬកោតក្រែងអ្នកជិតខាងឡើយ។
ក្លិនឆ្អេះឆ្អាបនៃទឹកនោម និងលាមកគោបានភាយចូលផ្ទះ បណ្តាលឱ្យពួកគាត់មិនអាចអង្គុយលេងមុខផ្ទះបាន ហើយសូម្បីតែបិទទ្វារផ្ទះក៏នៅតែធំក្លិនស្អុយដែរ កើតជាការរំខានយ៉ាងខ្លាំង។ ពួកគាត់បារម្ភថា បើស្ថានភាពនេះនៅតែបន្ត នឹងអាចបង្កឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងការរស់នៅប្រចាំថ្ងៃជាមិនខាន។
បន្ថែមពីនេះ ពលរដ្ឋបានសម្តែងការខកចិត្តចំពោះលោក ហ៊ឹម ឆុន មេភូមិស្ទឹងជ្រៅ ដោយចោទប្រកាន់ថា លោកមិនសូវយកចិត្តទុកដាក់ដោះស្រាយទុក្ខធុរៈប្រជាពលរដ្ឋក្រីក្រនោះទេ។ កន្លងមក បញ្ហាលូទឹកស្អុយក្នុងភូមិមិនទាន់បានដោះស្រាយផង ឥឡូវត្រូវមកទ្រាំហិតក្លិនស្អុយរោងគោទៀត។ លើសពីនេះ នៅពេលប្រជាពលរដ្ឋប្រតិកម្ម រូបគាត់បែរជាត្រូវម្ចាស់គោប្រើពាក្យសម្តីអសុរោះ និងជេរប្រទេចមកលើពួកគាត់ទៅវិញ។
ពាក់ព័ន្ធនឹងរឿងនេះ លោក ហ៊ឹម ឆុន មេភូមិស្ទឹងជ្រៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកគ្មានលទ្ធភាពដោះស្រាយឡើយ ដោយសារម្ចាស់គោចិញ្ចឹមលើដីផ្ទាល់ខ្លួន ហើយគោមានតែ ២ ទៅ ៣ក្បាល ប៉ុណ្ណោះ។ លោកបានបន្ថែមថា លោកក៏ធ្លាប់ជាកសិករចិញ្ចឹមគោនៅជនបទដែរ ត្រឹមគោ ៤-៥ ក្បាល គឺមិនប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ហើយបើពលរដ្ឋមិនសុខចិត្ត សូមឱ្យទៅប្តឹងថ្នាក់លើ ឬខាងមន្ទីរបរិស្ថានចុះ។
យោងតាម លិខិតបញ្ជាបេសកកម្ម របស់ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល ដឹកនាំដោយលោក ឡុង ចាន់វាសនា (អនុប្រធានការិយាល័យ) រួមជាមួយមន្ត្រីជំនាញ (លោក ខន ប៊ុនធឿន, លោក ព្រែក ចិន្តា, លោក ឡុង ពិសិដ្ឋ) ដោយមានការសហការពីតំណាងអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ដើមមៀន និងប្រជាពលរដ្ឋ បានចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងរោងគោ។
តាមកំណត់ហេតុនៃការចុះត្រួតពិនិត្យ របស់មន្ទីរបរិស្ថាន បានឱ្យដឹងថា៖
ទីតាំង៖ ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (ខាងជើងជាប់ផ្លូវលំ, ខាងត្បូង និងខាងលិច ជាប់ផ្ទះប្រជាពលរដ្ឋ, ខាងកើតជាប់ដីឡូត៍)។
ស្ថានភាពរោងគោ៖ រោងមានទំហំ ១០ម៉ែត្រ x ១៨ម៉ែត្រ។ ម្ចាស់គោឈ្មោះ សាំង មុន្នី បានចាប់ផ្តើមចិញ្ចឹមគោនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានសត្វគោចំនួន ០២ក្បាល។
ការពិនិត្យជាក់ស្តែង៖ រោងគោមានអនាម័យស្អាតបង្គួរ ប៉ុន្តែ «មានក្លិនតិចតួច ដោយសារមិនទាន់មានទឹកស្អាតបលាងសម្អាត និងមានលាមកជាប់នៅលើសាបខ្លះដែរ»។ ចំពោះលាមកគោ ម្ចាស់បានប្រមូលយកទៅបោះចោលនៅដីចំការ។
មតិអាជ្ញាធរមូលដ្ឋាន (សង្កាត់-ភូមិ)៖ អាជ្ញាធរធ្លាប់បានចុះដោះស្រាយសម្របសម្រួលម្តងរួចមកហើយ។ ដោយសារនៅតែមានការតវ៉ា អាជ្ញាធរបានស្នើឱ្យម្ចាស់គោរៀបចំទីតាំងចិញ្ចឹមឱ្យបានស្អាត និងកាត់បន្ថយក្លិន កុំឱ្យប៉ះពាល់ដល់អ្នកជិតខាង។
មតិប្រជាពលរដ្ឋរងផលប៉ះពាល់៖ ប្រជាពលរដ្ឋបានអះអាងថា ក្លិនស្អុយខ្លាំងនៅពេលព្រឹក និងពេលល្ងាច (ពេលមានខ្យល់បក់) បណ្តាលឱ្យវិលមុខ និងប៉ះពាល់សុខភាព។ ពួកគាត់បានបដិសេធមិនឱ្យមានការចិញ្ចឹមគោនៅទីនោះតទៅទៀតទេ និងបានស្នើសុំឱ្យផ្អាក ឬផ្លាស់ប្តូរទីតាំងចិញ្ចឹមគោចេញពីតំបន់ប្រជុំជននេះ।
មតិលោក សាំង មុន្នី (ម្ចាស់គោ)៖ បានបញ្ជាក់ថា ការចិញ្ចឹមគោនេះគឺជារកស៊ីលក្ខណៈគ្រួសារតូចតាច (គោ ២ក្បាល) ដើម្បីដោះស្រាយជីវភាពប៉ុណ្ណោះ។ លោកបានសន្យាថានឹងព្យាយាមសម្អាតលាមកគោជាប្រចាំជារៀងរាល់ថ្ងៃ ដើម្បីកុំឱ្យមានក្លិនប៉ះពាល់ដល់អ្នកជិតខាង។
ទោះបីជាមានការប្រជុំ និងចុះពិនិត្យផ្ទាល់ពីសំណាក់មន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក្តី ក៏ជំនួបសម្របសម្រួលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅតែ មិនទាន់ស្វែងរកដំណោះស្រាយជោគជ័យ ឬផ្លូវចេញដាច់ស្រេចនៅឡើយទេ។
ក្រុមការងារជំនាញបានត្រឹមតែធ្វើកំណត់ហេតុ និងស្រង់មតិភាគីទាំងសងខាង ខណៈប្រជាពលរដ្ឋនៅតែបន្តស្នើសុំយ៉ាងទទូចដល់អាជ្ញាធរថ្នាក់លើ និងមន្ទីរបរិស្ថាន មេត្តាចាត់វិធានការផ្លូវច្បាប់ឱ្យបានច្បាស់លាស់ និងសមស្រប ដើម្បីធានាដល់បរិស្ថានរស់នៅ និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


