កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៤ នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ពិធីនេះត្រូវបានប្រារព្ធឡើងទៅតាមទំនៀមទម្លាប់ និងគន្លងប្រពៃណីព្រះពុទ្ធសាសនា យ៉ាងមហោឡារិក និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។
ក្នុងឱកាសដ៏ប្រពៃនេះ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរៀបចំពិធីប័ង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ ព្រមទាំងមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខ។
ជាមួយគ្នានោះដែរ ក៏បានបួងសួងឧទ្ទិសផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ពស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ៕


