ខេត្តព្រះវិហារ៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនសង្ស័យម្នាក់ប្រើកាំបិតខ្វែវលួចកាប់ប្រហារពីក្រោយ ខណៈពេលកំពុងដេកលើអង្រឹងនៅផ្ទះរបស់ខ្លួន។ ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ១៧:៥១ នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកគូលែន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ស៊ី ភេទប្រុស អាយុ ៤៨ឆ្នាំ មានមុខរបរជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន។ ចំណែកឯជនសង្ស័យបង្កហេតុ មានឈ្មោះ លាង វាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ និងរស់នៅក្នុងភូមិ-ឃុំកើតហេតុជាមួយគ្នា។
តាមការស្រាវជ្រាវបឋម មូលហេតុដែលនាំឱ្យមានអំពើហិង្សានេះ គឺបណ្តាលមកពី «រឿងគំនុំ»។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកសម្រាកលើអង្រឹងនៅក្រោមខ្ទមខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានដើរមកពីខាងក្រោយក្បាលដំណេក ហើយស្ទុះទៅកាប់ប្រហារដោយប្រើកាំបិតខ្វែវ ត្រូវចំត្រចៀកខាងស្តាំ បណ្តាលឱ្យមុតរហែកវែងចាប់ពីកញ្ចឹងករហូតដល់លើក្បាល ប្រវែងប្រមាណ ២១ សង់ទីម៉ែត្រ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ និងអាជ្ញាធរប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ ដោយឡែក ជនសង្ស័យឈ្មោះ លាង វាសនា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ និងកំពុងបន្តឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ខណៈភាគីជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្តឹងផ្លូវការនៅឡើយទេ ដោយសារកំពុងស្ថិតក្រោមការព្យាបាលមុខរបួសនៅមន្ទីរពេទ្យ៕


