ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អមដំណើរដោយសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ យ៉ាងកុះករ និងប្រកបដោយទឹកចិត្តជ្រះថ្លា ស្ថិតនៅវត្តកំសាន្ដ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីបុណ្យកាន់បិណ្ឌវេនទី៥នេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំ និងផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស សុីណា ក្នុងគោលបំណងដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិសន្តានទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងឱកាសដ៏មហានព្វកាលនេះ លោកស្នងការ និងប្រតិភូអមដំណើរ បាននាំយកនូវចតុបច្ច័យ ទេយ្យទាន និងភោជនអាហារ នាំយកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អមដោយការរាប់បាត្រ និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងយ៉ាងខ្ជាប់ខ្ជួន។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រជាជនកម្ពុជា ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីតបគុណធម៌ និងការជួបជុំសាមគ្គីភាពក្នុងសង្គមគ្រួសារ ក៏ដូចជាក្នុងជួរកងកម្លាំងប្រដាប់អាវុធផងដែរ៕


