ខេត្តតាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចផ្អាកមិនឱ្យដំណើរការហ្គេមភ្នាល់តាមប្រព័ន្ធអនឡាញនៅគ្រប់កាស៊ីណូទាំងអស់ ចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ ដើម្បីពង្រឹងវិធានការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ១ខ្សែ ប្រវែង ៥.០០០ម៉ែត្រ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវចុងក្រោយ ល្បែងចាក់តាមអនឡាញដែលផ្សាយផ្ទាល់ចេញពីកាស៊ីណូ មានការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ដូច្នេះរាជរដ្ឋាភិបាលសម្រេចផ្អាកជាបណ្តោះអាសន្ន។ ក្នុងអំឡុងពេលនៃការផ្អាកនេះ ក្រសួង-ស្ថាប័នជំនាញនឹងចាប់ផ្តើមរៀបចំ និងពង្រឹងវិធានការគ្រប់គ្រងឱ្យបានច្បាស់លាស់ ទាំងផ្នែកច្បាប់ លិខិតបទដ្ឋានយុត្តិធម៌ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ មុននឹងពិចារណាសម្រេចអនុញ្ញាតឡើងវិញ។
ប្រមុខក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗថា ចាប់ពីខែតុលាតទៅ ប្រសិនបើតំណាងកាស៊ីណូណាល្មើសនឹងគោលការណ៍នេះ នឹងត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ និងការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
គួររំលឹកថា ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ (ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦) អាជ្ញាធរកម្ពុជាបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ទីតាំង ដោយបានឈានទៅបង្ក្រាបជាក់ស្តែង ៦២៤ទីតាំង និងរំលាយមណ្ឌលឆបោក ៨៦ទីតាំង។ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យជិត ៣ម៉ឺននាក់ (មាន ៣៩សញ្ជាតិ), បណ្ដេញចេញជនបរទេសជាង ៤០០,ម៉ឺននាក់, ជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង ២២,០០០នាក់, និងបានបញ្ជូនសំណុំរឿង ៤០៨ករណីទៅតុលាការ ដែលមានជនត្រូវចោទ ៣,៤៧៧នាក់។
បន្ថែមពីនេះ សមត្ថកិច្ចបានចាត់វិធានការលើកាស៊ីណូចំនួន ២៧ (ដកហូតអាជ្ញាបណ្ណ ១៨ និងព្យួរអាជ្ញាបណ្ណ ៩) ព្រមទាំងបានអនុវត្តច្បាប់លើមន្ត្រីអាជ្ញាធរ ១៥នាក់ ដែលមានការពាក់ព័ន្ធ។ ទោះបីជាសំបុកឆបោកខ្នាតធំត្រូវបានបោសសម្អាតទាំងស្រុងក្តី សមត្ថកិច្ចនៅតែបន្តតាមបង្ក្រាបក្រុមលួចលាក់ប្រព្រឹត្តបទល្មើសតូចតាចតាមរថយន្ត ផ្ទះប្រជាពលរដ្ឋ ឬហាងកាហ្វេ យ៉ាងសកម្មបន្ថែមទៀត៕


