ខេត្តរតនគិរី៖ លោក សី ទូច អភិបាលស្រុកកោះញែក បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់យុវតីម្នាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការប្រើអំពើហិង្សា ក្រោយកើតមានហេតុការណ៍ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ កាលពីវេលាម៉ោងប្រមាណ ៤ រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
លោកអភិបាលស្រុក បានលើកឡើងថា ការបាត់បង់សមាជិកគ្រួសារគឺជាការឈឺចាប់យ៉ាងខ្លាំងសម្រាប់គ្រួសារសព ប៉ុន្តែការលើកគ្នាប្រើអំពើហិង្សា វាយកម្ទេច ឬដុតបំផ្លាញទ្រព្យសម្បត្តិ និងទីស្នាក់ការរបស់រដ្ឋ គឺជាសកម្មភាពដែលមិនគួរកើតមានឡើយ។ លោកបានទទូចឱ្យប្រជាពលរដ្ឋដែលមានកង្វល់ ឬមានបញ្ហាពាក់ព័ន្ធនឹងហេតុការណ៍នេះ រក្សាភាពស្ងប់ស្ងាត់ និងស្វែងរកការដោះស្រាយតាមរយៈអាជ្ញាធរមានសមត្ថកិច្ច និងនីតិវិធីច្បាប់ ដោយជៀសវាងដាច់ខាតនូវអំពើហិង្សា។
ការចេញមុខអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារប្រជាពលរដ្ឋនៅភូមិរយ៉ បានលើកគ្នាទៅវាយកម្ទេច និងដុតបំផ្លាញ ក្រោយទទួលព័ត៌មានថា យុវតីម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ដួលម៉ូតូ ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះ។
យោងតាមព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ចំនួន ៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត ១រូប បានចុះល្បាតនៅចំណុចព្រៃមាស ស្ថិតក្នុងភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងពេលចុះល្បាត ក្រុមការងារបានប្រទះឃើញប្រជាពលរដ្ឋប្រមាណ ៨០នាក់ កំពុងចូលជីករ៉ែមាសនៅតំបន់នោះ ហើយបានធ្វើការអប់រំណែនាំឱ្យពួកគេចាកចេញ និងត្រឡប់ទៅលំនៅឋានវិញ។
លុះដល់រសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា យុវតីឈ្មោះ សាលៀង សាវែន អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដួលម៉ូតូបាត់បង់ជីវិត ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះ។ ក្រោយហេតុការណ៍នេះ មានការអះអាងពីប្រជាពលរដ្ឋថា ការដួលម៉ូតូរបស់យុវតីខាងលើអាចពាក់ព័ន្ធនឹងការដេញចាប់ពីសំណាក់មន្ត្រីឧទ្យានុរក្ស និងមានការផ្ទុះអាវុធ។
យ៉ាងណាក៏ដោយ មន្ត្រីឧទ្យានុរក្សបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថា ពួកគេមិនបានដេញចាប់ ឬប្រើប្រាស់អាវុធបាញ់ឡើយ ហើយសកម្មភាពរបស់ក្រុមការងារគឺគ្រាន់តែចុះល្បាត និងអប់រំណែនាំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់ប៉ុណ្ណោះ។
ចំពោះមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតរបស់យុវតី ក៏ដូចជាការអះអាងពាក់ព័ន្ធនឹងការដេញចាប់ និងការផ្ទុះអាវុធ អាជ្ញាធរកំពុងរង់ចាំការបញ្ជាក់ និងការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញ ដើម្បីឱ្យការពិតត្រូវបានបង្ហាញតាមនីតិវិធីច្បាប់៕


