កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស និងទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះបានផ្តោតលើការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីសមាសភាពក្រុមការងារ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការរួម ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប លោក ហេង វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានអនុវត្តភារកិច្ចយ៉ាងសកម្ម ស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិដែលបានកំណត់។
ដើម្បីតម្រង់ទិស និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត លោកប្រធានក្រុមការងារបានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖
១. ត្រូវយកចិត្តទុកដាក់បម្រើសេវារដ្ឋបាល សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
២. ត្រូវបន្តពង្រឹងទស្សនៈ គោលជំហរច្បាស់លាស់ និងភាពស្មោះត្រង់ ដើម្បីការពារឧត្តមប្រយោជន៍របស់គណបក្ស ព្រមទាំងរក្សាចលនាសកម្មភាពនៅមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។
៣. ត្រូវពង្រឹងការគ្រប់គ្រងទិន្នន័យសមាជិកគណបក្ស និងបន្តចុះជួបសួរសុខទុក្ខតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីសុខទុក្ខ និងជួយដោះស្រាយការលំបាកផ្សេងៗជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះផងដែរ លោក ហេង វុទ្ធី និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនដល់ ប្រជាពលរដ្ឋជីវភាពក្រីក្រចំនួន ៣០គ្រួសារ (ឃុំទួលសំបួរ ២៨គ្រួសារ និងឃុំអារក្សត្នោត ២គ្រួសារ) សកម្មជនគណបក្ស ចំនួន ៥គ្រួសារ។ ឧបត្ថម្ភថវិកា ជូនក្រុមការងារចំនួន ២២នាក់ សរុបជាថវិកា ៥,៣២០,០០០ រៀល។
បន្ថែមលើសពីនេះ លោក ហេង វុទ្ធី ក៏បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ “មហាកុដិ” នៅក្នុងវត្តទួលសំបួរ ព្រមទាំងបានឧបត្ថម្ភការ៉ូ ខ្សាច់ និងគ្របដណ្តប់លើការចំណាយផ្សេងៗ បន្ថែមចំនួន ១០,០០០,000 រៀល។
គួរបញ្ជាក់ថា សរុបថវិការៀបចំកម្មវិធីមនុស្សធម៌ និងការចូលរួមចំណែកកសាងសមិទ្ធផលក្នុងវត្តអារាមនាឱកាសនោះ មានចំនួនសរុប ១៥,៣២០,០០០ រៀល៕


