ពលរដ្ឋរិះគន់ការបណ្តែតបណ្តោយឱ្យមានទីតាំងល្បែងស៊ីសងខុសច្បាប់ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង

ពលរដ្ឋរិះគន់ការបណ្តែតបណ្តោយឱ្យមានទីតាំងល្បែងស៊ីសងខុសច្បាប់ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពបើកដំណើរការទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយពុំទាន់ឃើញមានវិធានការទប់ស្កាត់ ឬបង្ក្រាបពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនបានឱ្យដឹងថា ទីតាំងខាងលើមានបើកលេងល្បែងខុសច្បាប់ជាច្រើនប្រភេទដូចជា ជល់មាន់ និងអាប៉ោង ជាដើម ដោយមានការជួបជុំមនុស្សម្នាចូលលេងយ៉ាងអនាធិបតេយ្យ រួមមានទាំងប្រជាពលរដ្ឋក្នុងស្រុក និងជនជាតិវៀតណាម។ សកម្មភាពនេះបានចោទជាសំណួរពីសាធារណជនថា តើទីតាំងល្បែងស៊ីសងនេះអាចដំណើរការទៅបាន ដោយសារមានការឃុបឃិត ឬមានខ្នងបង្អែកនៅពីក្រោយដែរឬយ៉ាងណា ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកព្រះស្តេច រក្សាភាពស្ងៀមស្ងាត់បែបនេះ។

ការបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងខុសច្បាប់នេះ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះល្បែងស៊ីសងជាដើមហេតុនាំឱ្យកើតមានបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម (លួច ឆក់ ប្លន់) អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាគ្រឿងញៀនជាដើម។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមអំពាវនាវយ៉ាងទទូចដល់៖

លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង

លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង

ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សូមមេត្តាចាត់មន្ត្រីជំនាញជាន់ខ្ពស់ ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង ៧ ចំណុច ជាពិសេសចំណុចទី២ ដែលតម្រូវឱ្យ “គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ៕

Scroll to Top