ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ លោក ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទឹងត្រង់។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋាន និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ។
នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីទាំងមូលបានរួមគ្នាវាយតម្លៃលើសមិទ្ធផលការងារដែលក្រុមការងារសម្រេចបាននាឆមាសទី១ កន្លងមក ព្រមទាំងបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដើម្បីកំណត់នូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៦ នេះ។
ការអញ្ជើញចូលរួមរបស់ លោក ហេង វុទ្ធី ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចក្នុងកិច្ចប្រជុំនេះ ស្ដែងឲ្យឃើញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


