ពលរដ្ឋភូមិព្រាលរអ៊ូរទាំរឿងល្បែងជល់មាន់ និងអាប៉ោងពាសពេញភូមិ ចោទអាជ្ញាធរស្រុកគិរីវង់ថាមើលរំលងសន្តិសុខសហគមន៍

ពលរដ្ឋភូមិព្រាលរអ៊ូរទាំរឿងល្បែងជល់មាន់ និងអាប៉ោងពាសពេញភូមិ ចោទអាជ្ញាធរស្រុកគិរីវង់ថាមើលរំលងសន្តិសុខសហគមន៍

តាកែវ៖ ខណៈគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ត្រូវបានរាជរដ្ឋាភិបាលជំរុញយ៉ាងសកម្ម ប៉ុន្តែនៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ បែរជាកំពុងក្លាយជាជម្រកដ៏សុខសាន្តនៃវង់ល្បែងស៊ីសងខុសច្បាប់ទៅវិញ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសម្តែងការខកចិត្ត និងរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ចស្រុកគិរីវង់ ថាបានបណ្តែតបណ្តោយឱ្យទីតាំងជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន ដោយគ្មានការកោតក្រែងច្បាប់បន្តិចសោះឡើយ។

ប្រភពពីអ្នកស្រុកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ទីតាំងល្បែងខាងលើនៅតែបន្តបើកទ្វារទទួលក្រុមអ្នកញៀនល្បែងមកប្រមូលផ្តុំគ្នាភ្នាល់ប្រាក់យ៉ាងអ៊ូអរជារៀងរាល់ថ្ងៃ។ សកម្មភាពនេះមិនត្រឹមតែបំផ្លាញសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដើមហេតុបង្កឱ្យកើតមានបទល្មើសចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាគ្រឿងញៀនដែលកំពុងគំរាមកំហែងដល់សុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ការអសកម្មរបស់សមត្ថកិច្ច ធ្វើអោយពលរដ្ឋដាក់ការសង្ស័យលើការបំពេញភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ថាហេតុអ្វីបានជាទីតាំងល្បែងស៊ីសងបើកចំហរយ៉ាងនេះ ប៉ុន្តែគ្មានការបង្រ្កាប ឬមិនពិនិត្យមើលទាល់តែសោះ។

ប្រភពបន្តទៀតថា ការកើនឡើងនៃវង់ល្បែងត្រូវបានគេមើលឃើញថា ដើរទន្ទឹមគ្នានឹងការកើនឡើងនៃករណីចោរកម្ម និងបទល្មើសគ្រឿងញៀនក្នុងឃុំសោម។

ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានទទូចស្នើជាថ្មីដល់ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ មេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងនេះឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវ “ធ្វើមើលមិនឃើញ” នោះឡើយ។

មហាជន និងប្រជាពលរដ្ឋក្នុងឃុំសោម កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ថា តើលោកអធិការនគរបាលស្រុកគិរីវង់ និងអាជ្ញាធរខេត្តតាកែវ នឹងមានចំណាត់ការក្តៅយ៉ាងណាចំពោះទីតាំងល្បែងស៊ីសងមួយនេះ ដើម្បីស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរក្សាសន្តិសុខក្នុងមូលដ្ឋានឱ្យបានពិតប្រាកដ?៕

Scroll to Top