ប្រតិបត្តិការរួមគ្នា អាវុធហត្ថតាកែវ និងកំពង់ស្ពឺ បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ៧នាក់ ដកហូតវត្ថុតាងជាច្រើន

ប្រតិបត្តិការរួមគ្នា អាវុធហត្ថតាកែវ និងកំពង់ស្ពឺ បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ៧នាក់ ដកហូតវត្ថុតាងជាច្រើន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិពេជ្យចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានពន្លាតសមត្ថកិច្ចទៅសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបុរសចំនួន ៧នាក់ ដែលមានអាយុចន្លោះពី ២២ឆ្នាំ ដល់ ៤៥ឆ្នាំ និងមានទីលំនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖

ម្សៅក្រាមពណ៌សថ្លា ចំនួន ៨កញ្ចប់ ទម្ងន់សរុប ៨,៩៣ក្រាម (ថ្លឹងទាំងសំបកថង់)

ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ៥គ្រឿង

ទូរស័ព្ទដៃ ចំនួន ៧គ្រឿង

ដែកសម្រាប់ចូកថ្នាំញៀន ចំនួន ២

ថង់សម្រាប់វេចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕

Scroll to Top