រដ្ឋបាលខេត្តកណ្តាល រៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ដើម្បីស្វែងរកមូលនិធិជំនួយ

រដ្ឋបាលខេត្តកណ្តាល រៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” ដើម្បីស្វែងរកមូលនិធិជំនួយ

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទ “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” រវាងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All-Stars) និងក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ ចាប់ពីវេលាម៉ោង ២:៣០ នាទីរសៀល តទៅ នៅឯពហុកីឡដ្ឋានក្រុងតាខ្មៅ (ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ)។

ព្រឹត្តិការណ៍កីឡាសប្បុរសធម៌ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព និងការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់មកពីតាមមន្ទីរ និងអង្គភាពជុំវិញខេត្ត។

គោលបំណងចម្បងនៃការប្រកួតមិត្តភាពនេះ គឺដើម្បីរៃអង្គាសប្រាក់ និងស្វែងរកមូលនិធិសប្បុរសធម៌ ក្រោមយុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ក្នុងន័យរួមចំណែកជួយជ្រោមជ្រែងដល់ការងារសង្គម និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងរង់ចាំជំនួយ។

ដើមឡើយ រដ្ឋបាលខេត្តកណ្តាល ក៏បានអំពាវនាវដល់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការទាំងអស់ ចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយបរិយាកាសស្និតស្នាល និងទទួលបានជោគជ័យតាមការរំពឹងទុក៕

Scroll to Top