ខេត្តកំពង់ចាម៖ កម្លាំងជំនាញជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះប្រតិបត្តិការយ៉ាងក្តៅគគុក បង្រ្កាប និងរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ប្រភេទ «របាំងផ្ចិតព្រែក» សរុបចំនួន ៣កន្លែង ប្រវែង ៣០ម៉ែត្រ នៅក្នុងភូមិសាស្ត្រឃុំបាធាយ ស្រុកបាធាយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនេះ រៀបចំឡើងដោយខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុក-ឃុំបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា ឧបករណ៍ខុសច្បាប់ដែលត្រូវបានបង្ក្រាប និងបំផ្លាញចោលនៅហ្នឹងកន្លែងក្នុង ៣គោលដៅផ្សេងគ្នារួមមាន៖
១. ចំណុចចុងព្រែកខ្លាគ្រហឹម (ឃុំបាធាយ)៖ រុះរើបំផ្លាញរបាំងផ្ចិតព្រែកព្រួលឫស្សី ១កន្លែង ប្រវែង ៨ម៉ែត្រ និងបង្គោលចម្រឹង ២១ដើម។
២. ចំណុចស្ពានខ្លាគ្រហឹម (ឃុំបាធាយ)៖ រុះរើបំផ្លាញរបាំងផ្ចិតព្រែកព្រួលឫស្សី ១កន្លែង ប្រវែង ១២ម៉ែត្រ និងបង្គោលចម្រឹង ២៥ដើម។
៣. ចំណុចស្ពានព្រែកតូច (ឃុំបាធាយ)៖ រុះរើបំផ្លាញរបាំងផ្ចិតព្រែកសាច់រ៉ាវ ១កន្លែង ប្រវែង ១០ម៉ែត្រ និងបង្គោលចម្រឹង ១៨ដើម។
ការចុះបង្ក្រាបទាន់ពេលវេលានេះ បានបង្ហាញពីជំហរយ៉ាងម៉ឹងម៉ាត់របស់អាជ្ញាធរជលផល និងកងកម្លាំងប្រដាប់អាវុធ ក្នុងការទប់ស្កាត់បទល្មើសនេសាទ ដើម្បីការពារ និងអភិរក្សពូជត្រី ព្រមទាំងធនធានធម្មជាតិក្នុងតំបន់ឱ្យបានគង់វង្ស៕


