អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យការរៀបចំ «ផ្សារបក្សី» នៅផ្សារធំតាកែវ ត្រៀមប្រគល់ទីតាំង និងសម្ភារៈជូនអាជីវករឆាប់ៗនេះ!

អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យការរៀបចំ «ផ្សារបក្សី» នៅផ្សារធំតាកែវ ត្រៀមប្រគល់ទីតាំង និងសម្ភារៈជូនអាជីវករឆាប់ៗនេះ!

ខេត្តតាកែវ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានសហការជាមួយរដ្ឋបាលក្រុងដូនកែវ ដឹកនាំដោយលោក សុខ គង្គារ័ត្ន អភិបាលរងក្រុង ដែលជាតំណាងលោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ ចុះពិនិត្យការបំពាក់សម្ភារៈ និងការរៀបចំទីតាំង ផ្សារបក្សី ដែលស្ថិតនៅក្នុងបរិវេណផ្សារធំតាកែវ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង និងសម្ភារៈពាក់ព័ន្ធ ដើម្បីត្រៀមប្រគល់ជូនអាជីវករដែលប្រកបអាជីវកម្មលក់បក្សី ឱ្យអាចធ្វើការលក់ដូរនៅក្នុងទីតាំងដែលបានរៀបចំជាក់លាក់ និងមានសណ្តាប់ធ្នាប់។

ជាមួយគ្នានេះ ការរៀបចំផ្សារបក្សីក៏មានគោលដៅ លើកកម្ពស់អនាម័យ សុវត្ថិភាព និងការគ្រប់គ្រងការលក់ដូរឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានសុខាភិបាល និងគោលការណ៍រៀបចំទីក្រុងប្រកបដោយសណ្តាប់ធ្នាប់។

ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារបានពិនិត្យលើការបំពាក់ និងរៀបចំសម្ភារៈដែលចាំបាច់សម្រាប់អាជីវករ ព្រមទាំងពិនិត្យលក្ខខណ្ឌនានាដែលពាក់ព័ន្ធនឹងអនាម័យ បរិស្ថាន និងសុវត្ថិភាពក្នុងការប្រកបអាជីវកម្ម។

ការរៀបចំទីតាំងលក់បក្សីឱ្យបានសមស្រប នឹងជួយកាត់បន្ថយការលក់ដូររាយប៉ាយ និងធានាឱ្យមានទីតាំងច្បាស់លាស់ ងាយស្រួលក្នុងការគ្រប់គ្រង ត្រួតពិនិត្យអនាម័យ និងបង្ការហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងសុខភាពសាធារណៈ។

លោកប្រធានការិយាល័យបសុព្យាបាល និងរដ្ឋបាលក្រុងដូនកែវ នឹងបន្តសហការគ្នា ដើម្បីធានាឱ្យការរៀបចំ និងការប្រគល់ទីតាំងជូនអាជីវករប្រព្រឹត្តទៅដោយរលូន ព្រមទាំងជំរុញឱ្យការប្រកបអាជីវកម្មមានអនាម័យ បរិស្ថានល្អ និងមានសុវត្ថិភាព។

ការរៀបចំនេះក៏ជាផ្នែកមួយនៃការចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុង ព្រមទាំងបង្កើនភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ និងអាជីវករ ដែលមកទិញ និងលក់ដូរនៅក្នុងផ្សារធំតាកែវផងដែរ៕

 

Scroll to Top