ភ្នំពេញ៖ នៅក្នុងឱកាសដ៏វិសេសវិសាល និងមហានព្វក្សេត្រនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរយ៉ាងខ្ពង់ខ្ពស់ បង្ហាញពីមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
នៅក្នុងសារលិខិតជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក្នុងនាមខ្លួនឯង ភរិយា ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងបានបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ឱ្យតាមជួយថែរក្សា និងប្រោសប្រទានពរជ័យជូនដល់ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងចៅៗជាទីស្រឡាញ់ ឱ្យជួបប្រទះតែសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជូនពរយ៉ាងទទូច សូមឱ្យសម្តេចកិត្តិសង្គហបណ្ឌិត៖
មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន និងមានបញ្ញាញាណភ្លឺថ្លា បន្តដឹកនាំ និងចូលរួមបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមជូន ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗធំធេងថែមទៀត សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សារជូនពរនាឱកាសនេះ មិនត្រឹមតែជាការបំពេញតាមប្រពៃណីដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែជាការស្តែងចេញនូវមនោសញ្ចេតនា ស្វាមីភក្តិ ការគោរពកោតសរសើរចំពោះគំរូវីរភាព និងគុណបំណាច់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានលះបង់ដើម្បីជាតិមាតុភូមិ នាពេលកន្លងមក៕


