ប្រជាពលរដ្ឋក្រុងតាខ្មៅ៖ សុំសួរបងៗខាងធ្វើផ្លូវថ្ងៃណាបានគេធ្វើហ្ន៎?

ប្រជាពលរដ្ឋក្រុងតាខ្មៅ៖ សុំសួរបងៗខាងធ្វើផ្លូវថ្ងៃណាបានគេធ្វើហ្ន៎?

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋក្រុងតាខ្មៅសម្ដែងអារម្មណ៍មិនសប្បាយចិត្តចំពោះក្រុមហ៊ុនធ្វើផ្លូវ ដែលព័ទ្ធរបងបិទផ្លូវចេញ-ចូល លំនៅឋានរបស់ប្រជាពលរដ្ឋយូរថ្ងៃ ខែ ដោយគ្រាន់ឮថា ពីរ-បីថ្ងៃទៀតធ្វើហើយ។ នៅក្នុងអារម្មណ៍រង់ចាំ ដ៏យូរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងតាខ្មៅមិនសប្បាយចិត្តទាល់តែសោះ ស្របពេលដែលអាជ្ញាធរហាក់ដូចជាមិនយល់ពីអារម្មណ៍មួយនេះ។

ស្ត្រីវ័យចំណាស់ម្នាក់បាននិយាយថា “សុំសួរបងៗខាងធ្វើផ្លូវថ្ងៃណាគេធ្វើណ៎? ប្រាប់ថា ពីរបីថ្ងៃធ្វើហើយឥឡូវកន្លះខែហើយ”។ លោកស្រីបានបន្ថែមថាការចេញចូលជួបប្រទះនិងការលំបាកដោយត្រូវជិះ pass app ជារៀងរាល់ថ្ងៃ ព្រោះតែរថយន្តមិនអាចចេញរួច,ដោយសារផ្លូវត្រូវបានបិទជាបណ្ដោះអាសន្ន។ បណ្ដោះអាសន្ននេះយូរថ្ងៃណាស់មកហើយ។

បុរសម្នាក់ទៀតបានឆ្លើយថា នរណាៗ ក៏មានសំណួរដូចស្ត្រីខាងលើនេះដែរប៉ុន្តែគ្មានសង្ឃឹមទេ។ ការរង់ចាំបានត្រឹមតែរង់ចាំ ពីព្រោះមិនឃើញមានសមត្ថកិច្ចទៅជួយពន្លឿនក្រុមការងារក្រុមហ៊ុនដែលធ្វើផ្លូវនោះឡើយ។ 

ករណីផ្លូវដែលធ្វើហើយ មិនព្រមអ៊ុតកៅស៊ូ ឬចាក់បេតុងហើយបែរជាបិទផ្លូវការចេញ-ចូល របស់ប្រជាពលរដ្ឋនោះមានច្រើនកន្លែងនៅក្រុងតាខ្មៅ។ ប្រជាពលរដ្ឋនិយាយថា វាបង្កឲ្យមានហានិភ័យជាគ្រោះថ្នាក់ចរាចរណ៍នៅ ពេលប្រជាពលរដ្ឋធ្វើដំណើរឬនៅពេលទឹកលិច។ បើលំនៅឋានប្រជាពលរដ្ឋ ជាអ្នកលក់ដូរអីវ៉ាន់ចាប់ហួយទៀតនោះគឺត្រូវបិទជាអចិន្ត្រៃយ៍តែម្ដង។ អាជ្ញាធរសង្កាត់-ក្រុង ហាក់ដូចជាមិនយល់អារម្មណ៍ប្រជាពលរដ្ឋដែលធ្វើដំណើរនិងប្រកបរបររកស៊ីប្រចាំថ្ងៃនោះឡើយ។

មើលទៅរឿងនេះហាក់ដូចជាតូចតាច ប៉ុន្តែប្រជាពលរដ្ឋថ្នាំងថ្នាក់រកាំក្នុងចិត្ត។ នៅឯគល់ស្ពានព្រែកហូរ ក្រុមរដ្ឋាករទឹកបានជីករណ្ដៅមួយទុកចោលរាប់ខែមកហើយ ដែលគេប៉ាន់ប្រមាណថា អាចនឹងចាក់ដីតែ១ឡានប៉ុណ្ណោះនឹងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរនៅនឹងគល់ស្ពានព្រែកហូរនោះហើយ។ នៅទីនេះអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកប្រើប្រាស់ផ្លូវនៅពេលយប់។ នៅពេលដែលមិនទាន់មានគ្រោះថ្នាក់គឺគ្មាននរណាមើលឃើញនិងបង្កាយថាហេតុទុកជាមុនឡើយ។ ប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទើបអាជ្ញាធរភ្ញាក់រលឹកជាក្រោយ។

មហាជនមើលឃើញថា វាហាក់ដូចជារឿងដដែលៗដែលអាជ្ញាធរមិនព្រមដាស់តឿនចំពោះក្រុមហ៊ុនសាងសង់ ឬធ្វើជាមើលមិនឃើញ ចំពោះការលំបាករបស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដោយទុកឲ្យបញ្ហាអូសបន្លាយបង្កភាពឈឺចាប់ដល់ប្រជាពលរដ្ឋ ។ បញ្ហាធ្វើផ្លូវមិនអស់មិនហើយ,មិនបញ្ចប់ឲ្យលឿនរហ័ស សម្រាប់អ្នកប្រើប្រាស់ផ្លូវ គួរតែមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទៅពន្លឿនដល់ក្រុមហ៊ុនអនុវត្តការងារនោះផង។

ពលរដ្ឋក្រុងតាខ្មៅសំណូមពរឲ្យអាជ្ញាធរក្រុងនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយពន្លឿន ការធ្វើផ្លូវឲ្យបានឆាប់រួចរាល់ជាពិសេសបើមិនធ្វើកុំជីកទុកចោល៕

Scroll to Top