កណ្ដាល៖ បញ្ហាផ្លូវលិចទឹក ទឹកដក់ ភក់ជ្រាំ ការបង្ហូរទឹកស្អុយ និងការកើនឡើងនៃគំនរសំរាមនៅជុំវិញសាលាឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងចោទជាសំណួរធ្ងន់ធ្ងរលើសមត្ថភាព និងការទទួលខុសត្រូវផ្ទាល់របស់ លោក ស៊ិន សំអាង មេឃុំបែកចាន ក្នុងការគ្រប់គ្រង និងដឹកនាំមូលដ្ឋាន។
ការបណ្តែតបណ្តោយឱ្យហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាននៅចំពោះមុខសាលាឃុំខ្លួនឯងធ្លាក់ចុះដុនដាបដល់កម្រិតនេះ ត្រូវគេមើលឃើញថាជា «ការខ្វះការយកចិត្តទុកដាក់ និងការកកស្ទះក្នុងការបំពេញតួនាទី» របស់លោកមេឃុំ។ ក្នុងនាមជាប្រធានរដ្ឋបាលឃុំ លោក ស៊ិន សំអាង មានកាតព្វកិច្ចចម្បងក្នុងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ប៉ុន្តែផ្ទុយទៅវិញ ទីតាំងជុំវិញសាលាឃុំ និងរបងរោងចក្រខាំវ៉ែល បែរជាក្លាយជាកន្លែងប្រមូលផ្តុំសំរាម និងទឹកស្អុយបង្កក្លិនស្អុយរលួយ ដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសាធារណៈ។
បន្ថែមលើការបរាជ័យក្នុងការគ្រប់គ្រងបរិស្ថាន លោកមេឃុំបែកចាន ក៏កំពុងរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋរឿង «អាកប្បកិរិយា និងពាក្យសម្តី» ផងដែរ។ ពលរដ្ឋបានសម្តែងការខកចិត្តចំពោះការប្រើប្រាស់ពាក្យសម្តីអុងអាត់ និងភាពមិនសមរម្យនៅពេលប្រឈមមុខនឹងសំណួរ ឬការទាមទារដំណោះស្រាយពីអ្នកស្រុក។ តាមក្រមសីលធម៌មន្ត្រីរាជការ និងវិជ្ជាជីវៈគ្រប់គ្រងសាធារណៈ អំណាចរដ្ឋបាលមិនមែនជាឧបករណ៍សម្រាប់ឆ្លើយតបដោយកំហឹង ឬបិទមាត់ពលរដ្ឋនោះទេ ប៉ុន្តែជាភារកិច្ចបម្រើ និងទទួលយកការរិះគន់ស្ថាបនាដោយភាពអត់ធ្មត់។
ករណីនេះបានជះឥទ្ធិពលដល់ការវាយតម្លៃលើកម្រិតដឹកនាំរបស់លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ផងដែរ ក្នុងការតាមដាន និងចាត់វិធានការលើមន្ត្រីថ្នាក់ក្រោម។ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ឱ្យចុះអន្តរាគមន៍ផ្ទាល់ ដោះស្រាយបញ្ហាស្ទះលូ ផ្លូវខូច សំរាម និងពិនិត្យមើលការអនុវត្តតួនាទីរបស់រដ្ឋបាលឃុំបែកចានជាបន្ទាន់។
ចំណាប់អារម្មណ៍ និងមតិរិះគន់ពីពលរដ្ឋក្នុងមូលដ្ឋាន
លោក សុខ ជា (ប្រជាពលរដ្ឋរស់នៅឃុំបែកចាន)៖
«រាល់ថ្ងៃដើរឆ្លងកាត់មុខសាលាឃុំ ឃើញតែទឹកស្អុយ និងភក់ជ្រាំ។ បើត្រឹមតែបរិស្ថានជុំវិញរបងសាលាឃុំខ្លួនឯង លោកមេឃុំដោះស្រាយមិនចេញ និងមិនចុះមើលផង តើឱ្យពលរដ្ឋសង្ឃឹមអ្វីលើការអភិវឌ្ឍនៅក្នុងភូមិឆ្ងាយៗ? យើងមិនចង់បានមេឃុំដែលចាំតែគេរិះគន់លើហ្វេសប៊ុកទើបចេញមុខធ្វើការ ឬចេញមកខឹងប្រជាពលរដ្ឋនោះទេ»។
កញ្ញា លីដា (អ្នកធ្វើដំណើរ និងជាអ្នកតាមដានព័ត៌មានសង្គម)៖
«មន្ត្រីសាធារណៈទទួលប្រាក់ខែពីពន្ធប្រជាជន ដូច្នេះពាក្យសម្តី និងអាកប្បកិរិយាក្នុងការបម្រើរាស្ត្រគឺសំខាន់ណាស់។ បើពលរដ្ឋសួរនាំ ឬរិះគន់ជុំវិញបញ្ហាសំរាម និងផ្លូវលិចទឹក មេឃុំត្រូវទទួលយកមកកែប្រែដោយសម្រួល មិនមែនប្រើអាជ្ញាធរបិទមាត់ ឬបង្ហាញឫកពាមើលងាយពលរដ្ឋឡើយ។ ឯកឧត្តមអភិបាលខេត្តគួរតែដកបទពិសោធន៍ និងមានវិធានការក្តៅលើករណីនេះ»៕


