ខេត្តកណ្ដាល៖ សំណង់ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវចំនួន ៣កន្លែង ស្ថិតក្នុងភូមិត្នោតម្ដើម និងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កំពុងដំណើរការសាងសង់យ៉ាងរលូននៅចំពោះមុខសាធារណជន ខណៈអាជ្ញាធរមូលដ្ឋានរងការរិះគន់យ៉ាងធ្ងន់ធ្ងរថា បានធ្វើមើលមិនឃើញ និងបណ្តែតបណ្តោយឱ្យមានការបំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល។
ការកើនឡើងនៃសំណង់អនាធិបតេយ្យទាំងនេះ បានចោទជាសំណួរយ៉ាងក្តៅគគុកលើសមត្ថភាពគ្រប់គ្រង និងការអនុវត្តច្បាប់របស់រដ្ឋបាលស្រុកអង្គស្នួល ក្រោមការដឹកនាំរបស់លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុក។ អ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្តនោះ គឺអាជ្ញាធរឃុំបែកចានខ្លួនឯង ត្រូវបានគេរាយការណ៍ថា បានសាងសង់បន្ទប់ជួលរំលោភលើដីផ្លូវសាធារណៈ។ នៅពេលសាកសួរជុំវិញរឿងនេះ លោកមេឃុំបែកចាន បែរជាបដិសេធទទួលខុសត្រូវ ដោយអះអាងយ៉ាងសាមញ្ញថា រូបលោក «គ្មានសិទ្ធិអំណាច» ក្នុងការត្រួតពិនិត្យ ឬចាត់វិធានការលើការងារសំណង់ក្នុងដែនដីរបស់ខ្លួននោះឡើយ។
ផ្អែកតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន អង្គភាពសារព័ត៌មានយើងបានព្យាយាមទាក់ទងលោក រស់ រុំ អភិបាលរងស្រុកទទួលបន្ទុកកិច្ចការសំណង់ និងលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ដើម្បីសុំការបំភ្លឺ និងបកស្រាយជុំវិញករណីនេះ ប៉ុន្តែរហូតមកដល់ពេលចេញផ្សាយនេះ នៅមិនទាន់អាចទាក់ទងបាននៅឡើយទេ។
គួររំឭកថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាលបានចេញសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ ស្ដីពីការហាមឃាត់ និងទប់ស្កាត់ការសាងសង់សំណង់ ការលក់ដូរ និងអាជីវកម្មផ្សេងៗដែលគ្មានអាជ្ញាបណ្ណ។ ទោះជាយ៉ាងណា ការអនុវត្តជាក់ស្តែងនៅថ្នាក់មូលដ្ឋានស្រុកអង្គស្នួល បែរជាបង្ហាញពីភាពធូររលុង និងកង្វះឆន្ទៈក្នុងការអនុវត្តបទបញ្ជារបស់ថ្នាក់លើ ដែលធ្វើឱ្យសាធារណជនមន្ទិលសង្ស័យលើតម្លាភាព និងការទទួលខុសត្រូវក្នុងតួនាទីជាអ្នកបម្រើរាស្ត្រ។
ចំពោះមុខភាពមិនប្រក្រតីនេះ ប្រជាពលរដ្ឋ និងសាធារណជន សូមអំពាវនាវយ៉ាងទទូចដល់មន្ទីរជំនាញពាក់ព័ន្ធ និងលោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីអធិការកិច្ចចុះពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាប្រញាប់ ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យ ស្តារទំនុកចិត្តសាធារណៈ និងធានាឱ្យបាននូវការពង្រឹងវិន័យច្បាប់ប្រកបដោយសមធម៌៕



