ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ លោករស់ រ៉ុម អភិបាលរងស្រុកអង្គស្នួល បានដឹកនាំកម្លាំងអាជ្ញាធរចុះពិនិត្យ និងបានបញ្ជាឱ្យផ្អាកសកម្មភាពសាងសង់សំណង់មួយកន្លែង នៅតាមបណ្តោយផ្លូវសាធារណៈ ស្ថិតក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលត្រូវបានគេរាយការណ៍ថាជាសំណង់របស់លោក ស៊ិន សំអាង មេឃុំបែកចាន។ ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ គេសង្កេតឃើញសកម្មភាពសាងសង់នៅតែបន្តប្រព្រឹត្តទៅ ដោយបានដាំបង្គោលរួចរាល់ ដែលបង្ហាញថាបទបញ្ជាផ្អាកការសាងសង់របស់អាជ្ញាធរស្រុក មិនទាន់មានប្រសិទ្ធភាពនៅឡើយ។
ករណីនេះបានបង្កើតឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជុំវិញ ក្រមសីលធម៌ និងកាតព្វកិច្ចច្បាប់របស់មន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន៖
សូមបញ្ជាក់ថានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦កន្លងទៅ លោក ស៊ិន សំអាង ដែលជាមេឃុំ និងជាអ្នកអនុវត្តច្បាប់ថ្នាក់មូលដ្ឋាន ធ្លាប់បានបញ្ជាក់នៅក្នុងការដ្ឋានថា លោកសង់លើដីដែលមានកម្មសិទ្ធិ ហើយបើរដ្ឋត្រូវការ លោកនឹងរំលាយចោល ដោយបានបន្ថែមថា «មិនបាច់សុំច្បាប់នរណាទេ»។ ប្រសាសន៍នេះបានចោទជាសំណួរធំៗអំពីភារកិច្ច និងការធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់សំណង់ និងការគ្រប់គ្រងដីធ្លីសាធារណៈ។
សូមរំលឹកផងថា រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងហាមឃាត់ និងទប់ស្កាត់ដាច់ខាតនូវការសាងសង់ ការលក់ដូរ និងការតាំងស្លាកផ្សាយពាណិជ្ជកម្មដោយគ្មានច្បាប់អនុញ្ញាត។ ការបន្តសាងសង់នេះ បង្ហាញពីការមិនអើពើចំពោះការណែនាំរបស់រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលស្រុកអង្គស្នួល។
មហាជននិងអ្នកតាមដានសង្គមបានលើកឡើងថា ក្នុងនាមជាអាជ្ញាធរនីតិប្រតិបត្តិជិតស្និទ្ធជាមួយប្រជាពលរដ្ឋ មន្ត្រីឃុំត្រូវមានកាតព្វកិច្ចខ្ពស់ជាងគេក្នុងការគោរពច្បាប់ ដើម្បីកសាងទំនុកចិត្ត។ ប្រសិនបើអាជ្ញាធរខ្លួនឯងជាអ្នកបំពានច្បាប់ វាអាចបង្កើតជាគំរូមិនល្អដល់សាធារណជន និងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃច្បាប់រដ្ឋ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងរង់ចាំមើលវិធានការបន្តពីសំណាក់រដ្ឋបាលស្រុកអង្គស្នួល និងរដ្ឋបាលខេត្តកណ្តាល ថាតើនឹងមានចំណាត់ការផ្លូវច្បាប់យ៉ាងណា ចំពោះសំណង់ដែលបានសង់រំលោភលើប្រព័ន្ធលូតាមដងផ្លូវសាធារណៈនេះ ដើម្បីពង្រឹងស្ដង់ដារអនុវត្តច្បាប់ឱ្យមានតម្លាភាព និងស្មើភាពគ្នាសម្រាប់សង្គមជាតិ៕


