ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលតាមប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវតែទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទោះបីជាហេតុការណ៍នោះកើតឡើងនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ។ ការណែនាំនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកកោះធំ។
ពិធីនេះត្រូវបានរៀបចំឡើងដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យតាមប៉ុស្តិ៍នាពេលនេះ គឺដើម្បីស្វែងយល់អំពីជីវភាពជាក់ស្តែង និងរបៀបរបបធ្វើការងាររបស់ប៉ុស្តិ៍នីមួយៗ សំដៅជួយបំពេញបន្ថែមនូវចំណុចខ្វះខាត និងកែលម្អការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួនដល់លោកអធិការនគរបាលស្រុកកោះធំ និងលោកនាយប៉ុស្តិ៍នគរបាលចំណុះទាំង៦ រួមមាន៖
១. ត្រូវរៀបចំកន្លែងស្នាក់នៅតាមប៉ុស្តិ៍នីមួយៗឱ្យបានសមរម្យ និងត្រូវនៅដាច់ដោយឡែកពីអគារបំពេញការងារ។
២. ត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងប៉ុស្តិ៍ឱ្យបានគ្រប់ៗប៉ុស្តិ៍។
៣. គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវតែទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជានិច្ច ទោះកើតហេតុក្រៅដែនសមត្ថកិច្ចក៏ដោយ ដើម្បីសម្រួលដល់ទុក្ខធុរៈរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ១តោន, ទឹកសុទ្ធ ២០កេស, មី ២០កេស, ត្រីខ ១កេស ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលស្រុកកោះធំផងដែរ៕


